Ad Code

គ្មាន​ការ​ជំទាស់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ ៖ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា តាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ



ភ្នំពេញ​ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អះអាង​ថា ក្រោយ​៧២​ម៉ោង នៃ​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខ្លួន​មិនបាន​ទទួល​បណ្តឹង​នោះទេ ដូច្នេះ គ​.​ជ​.​ប អាច​បន្តការងារ​រប​ស់​ខ្លួន តាមច្បាប់​កំណត់ ចំណែក គ​.​ជ​.​ប បាន​អះអាង​ថា ខ្លួន​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ តាម​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​។



កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ក្នុងនោះ​គណបក្ស​ដែល​ទទួលបាន​សំលេង​នាំមុខគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​រហូត​ដល់​៤.៨៨៩.១១៣​សំឡេង ហើយ​តាម​តួលេខ ដែល​បង្ហាញ​ដោយ គ​.​ជ​.​ប សន្លឹកឆ្នោត​បានការ​មាន​ចំនួន​៦.៣៦២.២៤១ ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន​៥៩៤៦៥៩ ចំណែក​អ្នកចូលរួម​បោះឆ្នោត មាន​ចំនួន​៦.៩៥៦.៩០០​នាក់ ដែល​ស្មើនឹង​៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​។ តាម​មាត្រា​១៣១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គ្រប់​គណបក្សនយោបាយ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​អាច​ប្តឹងតវ៉ា​អំពី​លទ្ធផល​បណ្តោះអាសន្ន​មួយផ្នែក ឬ​ទាំង​អស់នៃ​ការបោះឆ្នោត​ទៅ គ​.​ជ​.​ប ឬ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយផ្ទាល់​ក៏បាន ក្នុង​រយៈពេល​៧២​ម៉ោង​យ៉ាងយូរ បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​។



ក្នុង​លិខិត​ផ្ញើជូន​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​គូស​បញ្ជាក់​ថា ក្នុង​រយៈពេល​៧២​ម៉ោង បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​តាមរយៈ​សេចក្តីសម្រេច​លេខ ៣៧០ គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ធម្មនុញ្ញ ពុំ​ទទួល​ពាក្យបណ្តឹង​តវ៉ា​ដោយ​ផ្ទាល់​ជា​លាយលក្ខណ៍អក្សរ​រប​ស់​គណបក្ស​នយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​នោះទេ​។ ជាមួយគ្នា​នោះ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាស​ពី​ការមិនទទួលបាន​ពាក្យ​បណ្តឹង​ពី​គណបក្សនយោបាយ ហើយ​ប្រាប់​ឲ្យ គ​.​ជ​.​ប បន្តការងារ​របស់ខ្លួន​តាមច្បាប់​កំណត់​។

​ដោយឡែក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើ​សេចក្តីជូនដំណឹង​មួយ ដោយ​បញ្ជាក់​ថា លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នឹង​ត្រូវ​ប្រកាស​ដោយ​​ណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ ដូចជា ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) វិទ្យុជាតិ ជាដើម នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ហើយ​ការប្រកាស​នេះ នឹង​បង្ហាញ​ទាំងអស់​នូវ​សំឡេង​សន្លឹកឆ្នោត ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត រួមទាំង​ចំនួន​អាសនៈ​រដ្ឋសភា ដែល​គណបក្សនយោបាយ​ទទួលបាន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu