កណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់បង្អួចចូលលួចទ្រព្យសម្បត្តិ និងទូរស័ព្ទ ពេលម្ចាស់ផ្ទះទៅទិញត្រីយកមកលក់ ត្រូវបានម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ម៉ោង០៣និង២០នាទី រហូតដល់ថ្ងៃទី១៣ សីហា ២០១៨ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សេន ម៉ារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ត្រី។
ជនល្មើសម្នាក់ឈ្មោះ សា យូសុះ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោទ្វារ រួចហើយក៏ធ្វើដំណើរទៅទិញត្រីនៅផ្សារព្រែកព្នៅ ដើម្បីយកមកលក់បន្ត។ លុះដល់វេលាម៉ោង៥ និង៥០នាទីថ្ងៃខែឆ្នាំដដែល ពេលដែលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញបង្អួចចំហ ដោយចំរឹងបង្អួចវៀច ក៏ចាក់សោចូលទៅមើលឥវ៉ាន់ក្នុងផ្ទះ ស្រាប់តែបានបាត់ទូរស័ព្ទអស់ចំនួនពីរគ្រឿងដូចខាងលើតែម្តង។ បន្ទាប់មកជនរងគ្រោះក៏បានស៊ើបសួរអ្នកជិតខាងសង្ស័យលើជនល្មើសខាងលើ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ទើបជនរងគ្រោះហៅជនល្មើសប្រគល់ជូននគរបាលប៉ុស្តិ៍ដើមមៀនដើម្បីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់បង្អួចផ្ទះ ជនរងគ្រោះលួចយកទូរស័ព្ទពិតប្រាកដមែន។
បន្ទាប់មកជនល្មើសរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments