ភ្នំពេញ ៖ ជនជាតិចិន២នាក់ជាបុគ្គលិកផ្នែកតាំងពិព័រណ៍ពាណិជ្ជកម្ម ចិន អាស៊ានលើកទី១៥ ខណៈជិះម៉ូតូរ៉ឺម៉កកង់បីត្រឡប់មកពីផ្សារវិញ គ្រាន់រៀបចំចុះពីលើរ៉ឺម៉កក៏ត្រូវបានចោរឆក់កាបូបពីដៃយកលុយអស់ជាង៣ពាន់ដុល្លារនិងសៀវភៅលិខិតឆ្លងដែនចំនួន២ក្បាលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅមុខផ្ទះសំណាក់យីហោចិន តុង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីអ្នកបកប្រែជាភាសាចិនបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង២នាក់ បានធ្វើដំណើរដោយជិះ រ៉ឺម៉កកង់បីចេញពីផ្សារអូឡាំពិកដើម្បីមកកាន់ផ្ទះសំណាក់កន្លែងកើតហេតុខាងលើ ដែលមានទីតាំងមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីសម្រាកនៅផ្ទះសំណាក់ចិនតុង។ លុះមកដល់មុខផ្ទះសំណាក់ គាត់បានចុះពីលើម៉ូតូរ៉ឺម៉កកង់បីភ្លាមៗ ដោយដៃកាន់កាបូប បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដោយជិះមកឆាប ឆក់កាបូបពីដៃគាត់តែម្ដង ហើយជិះគេចខ្លួនបាត់ស្រមោលភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទាក់ទងទៅអ្នកបកប្រែភាសាចិន ដើម្បីជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យទុកជាឯកសារ និងដើម្បីឲ្យសមត្ថកិច្ចជួយស៊ើបអង្កេតរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments