បាត់ដំបង ៖ គ្រោងឆ្អឹងសពមនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្ថិតនៅរាយប៉ាយក្នុងព្រៃរបោះ ដោយមិនមានលក្ខណៈពេញលេញនោះឡើយ ដោយប្រភពមួយចំនួនបានសន្និដ្ឋានថា អាចស្លាប់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ ហើយការស្លាប់នេះក៏សង្ស័យថា បណ្ដាលមកពីសត្វសាហាវខាំ។
ការប្រទះឃើញគ្រោងឆ្អឹងនេះ គឺនៅវេលាម៉ោង២និង៤៥ នាទី រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំស្លឹក ក្បែរចំណុចទឹកធ្នឹម ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយក្មេងប្រុសឈ្មោះ ជា សៀងហៃ ប្រុសអាយុ១១ឆ្នាំរស់នៅចំណុចទឹកធ្នឹមភូមិ ដែលបាន ដើរឃ្វាលគោក៏បានប្រទះឃើញឆ្អឹងខ្មោចនោះ។
ក្រោយពីប្រទះឃើញ ក្មេងប្រុសរូបនេះបានរាយការណ៍ទៅក្រុមប្រឹក្សាឃុំដូនបា និងសមត្ថកិច្ចដោយបាននាំគ្នាចុះទៅពិនិត្យ គឺបានសង្កេតឃើញថា គ្រោងឆ្អឹងនេះបើតាមការសន្និដ្ឋានអាចស្លាប់រយៈពេលប្រមាណ ២ ឆ្នាំ មកហើយ និងទំនងមកពីសត្វសាហាវខាំ ព្រោះគ្រោងឆ្អឹងមានលក្ខណៈនៅរាយប៉ាយ មិនពេញលេញជារូបរាងមនុស្សនោះឡើយ។
លោកអធិការ ឆាង វណ្ណឆៃ បានលើកឡើងថា ករណីនេះ គឺមិនមានបាត់ពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ ដែលក្រុមការងារទាំងអស់បានសន្និដ្ឋានថា សង្ស័យអ្នកចូលមកពីក្រៅដើររកឈើ ឬអាចដើរបរបាញ់សត្វ ព្រោះទីនេះគឺជាតំបន់ដាច់ស្រយាល ដូច្នេះអាចនៅមានសត្វសាហាវនៅឡើយ បច្ចុប្បន្នឆ្អឹងត្រូវបានអាជ្ញាធរប្រមូលទុកមួយកន្លែងដើម្បីបូជា៕
Source: Kampuchea Thmey Daily
0 Comments