ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៦០ គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាការប្រកួតសប្តាហ៍ទី៣ ជុំទី២ រវាងអ្នកប្រដាល់កម្ពុជាឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់ថៃ Phat Maha ហើយអ្នកប្រដាល់កម្ពុជា សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ និង អ្នកប្រដាល់ថៃ Phat Chhayak Phum។
ឃីម បូរ៉ា និង Phat Maha ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេពីមុនមក ។ តែយ៉ាងណាឃីម បូរ៉ា និង Phat Maha នេះ គេមានសមត្ថភាពប្រហាក់ប្រហែលគ្នាទេ ហើយមាឌក៏ប្រហែលគ្នាដែរ គ្រាន់តែបូរ៉ាមានកំនត់ត្រាប្រកួតច្រើនជាងប៉ុណ្ណោះ ។
Phat Maha គេមានកំណត់ត្រាប្រកួតចំនួន៥៨លើក ឈ្នះ៥០លើកនិងចាញ់០៨លើក។ ចំណែកឃីម បូរ៉ា គេមានកំនត់ត្រាប្រកួត១០៩លើក ឈ្នះ៧៨៩លើក ចាញ់២៨លើក និងស្មើ០២លើក។ឃីម បូរ៉ា គេប្រកួតលើកចុងក្រោយ(០៨កញ្ញា២០១៨) គេវាយឈ្នះPhat Chhayak Phum ដោយពិន្ទុ។ចំណែក ការប្រកួតលើកចុងក្រោយរបស់Phat Maha (០៨កញ្ញា២០១៨) គឺចាញ់សុខ សាវិន ក្នុងទឹកទី១ ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នារវាងឃីម បូរ៉ា និង Phat Maha នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចា ញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ ។
ចំពោះការជួបគ្នារវាង សុខ សាវិន និង Phat Chhayak Phum វិញ ប្រហែលជាពិបាកបន្តិចហើយ បើទោះបីថា សាវិន គេមានផ្លែល្អជាង Phat Chhayak Phum ក៏ដោយ ក៏អ្នកប្រដាល់ថៃ Phat Chhayak Phum ជាអ្នកប្រដាល់ជើងចាស់ ស៊ូ និងរឹងមាំ ។
Phat Chhayak Phum គេមកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយ។គេវាយល្អនិងខ្លាំងគួរសមដែរ។ បើមើលពីប្រវត្តិប្រកួតរបស់គេ គឺប្រកួតបាន៨៦លើក ឈ្នះ៧០លើក ចាញ់១៥លើកនិងស្មើ០១លើក ។
សុខ សាវិន អ្នកប្រដាល់កម្ពុជាយើងនេះ គេមានប្រវត្តិប្រកួត៩៣លើក ឈ្នះ៦៨លើក ចាញ់២០លើក និងស្មើ០៥លើក ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី២នេះ គេរំពឹងថា សុខ សាវិន នឹងរកបាន៣ពិន្ទុមិនខាន ក្នុងការជួប Phat Chhayak Phum នេះ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ។
ចំពោះការការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ លួន សុខខេង អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយទេស សំខាន់ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំងពីរនាក់នេះ គេមិនដឹងថា នរណាឈ្នះ នរណាចាញ់នោះទេ ? ព្រោះពួកគេទាំងពីរ សុទ្ធខានឡើងប្រកួតយូរដូចគ្នា ។
ស៊ឹម សំ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ នឹងជួបប្រកួតជាមួយណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។ ពួកគេពីរនាក់នេះ មិនដែលជួបគ្នាទេកន្លងមក ។ពួកគេជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។ ចាំមើល រវាង ស៊ឹម សំ និង ណាម ម៉ូរ៉ាក់ នេះ តើនរណាឈ្នះ ?៕
Source: Kampuchea Thmey Daily
0 Comments