ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច (ចូលរាជធានីភ្នំពេញ) ចាប់ពីមុខមុខវត្តព្រែកលាប ដល់សណ្ឋាគារណាសាតូ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានផ្អាកការធ្វើដំណើរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ នេះតទៅ ដើម្បីធ្វើការជួសជុល ឡើងវិញ។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ យោងតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា “រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការងារជួសជុល ចាក់បេតុងឆ្អឹងដែក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំហៀងខាងលិច ចាប់ពីមុខសណ្ឋាគារណាសាតូ ដល់មុខវត្តព្រែលាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដើម្បីឲ្យដំណើរការងារ ជួសជុលខាងលើ បានប្រព្រឹត្តិទៅ តាមប្រតិទិនការងារ ដែលបានគ្រោងទុក និងជៀសវាង ការកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរឆ្លងកាត់ កំណាត់ផ្លូវនេះ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅ រហូតដល់បញ្ចប់ការដ្ឋាន”។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ការធ្វើដំណើរ ឆ្លងកាត់ទីតាំងគម្រោងជួសជុលផ្លូវនេះ ដោយតម្រូវឲ្យអ្នកធ្វើដំណើរ បង្វែរទៅធ្វើដំណើរ តាមផ្លូវតំបន់អភិវឌ្ឍន៍ OCIC វិញ រហូតការដ្ឋានជួសជុលបញ្ចប់ នឹងបើកឲ្យធ្វើដំណើរជាធម្មតាវិញ៕
Source: Kampuchea Thmey Daily
0 Comments