សំណង់ពហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី២ ពោលគឺទីលានបាល់ទាត់ធំឬMain Sta diumសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា ដែលចាប់ផ្តើមកាលពីដើមឆ្នាំ២០១៨ មកដល់ពេលនេះ សាងសង់បានជាង២០%ហើយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានធ្វើដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់កាលពីចុងសប្តាហ៍កន្លងទៅនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសង់ពហុកីឡដ្ឋានដ៏ទំនើបមួយនេះដែលមកដល់ពេលនេះសម្រេចបានជាង២០%ហើយ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា សំណង់ពហុកីឡដ្ឋានដ៏ទំនើបមួយនេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំទឹកប្រាក់១៥៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំប្រមាណ១៦,២២ហិកតា ខណៈសំណង់ពហុកីឡដ្ឋានធំមានទំហំ៨,២៤ម៉ឺនម៉ែត្រការ៉េ អាចផ្ទុកមនុស្សបានជាង៥០០០០នាក់ មានច្រកទ្វារជាច្រើនកន្លែងសម្រាប់ជម្លៀសមនុស្សចេញនៅពេលមានអាសន្នដោយចំណាយពេលត្រឹមតែ៦នាទីប៉ុណ្ណោះ។
លោកថា សំណង់មួយនេះ គឺវិស្វករចិនបានសាងសង់ឡើងយ៉ាងពិសេសតាមបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ ហើយក៏ជាស្តាតថ្មីនិងទំនើបជាងគេនៅក្នុងតំបន់អាស៊ីផងដែរ។ តាមការឱ្យដឹងបន្ថែម សំណង់នេះបានប្រើប្រាស់កម្លាំងពលកម្មជាង៦០០នាក់ ដូច្នេះលោកពិតជាមានមោទនភាពខ្លាំងណាស់ ជាពិសេសសម្រាប់កូនខ្មែរទាំងមូលដែលយើងមានសំណង់ដ៏មហិមាមួយនេះ។ បើប្រៀបធៀបជាមួយពហុកីឡដ្ឋានជាតិអូឡាំពិក គឺមានទំហំធំជាងឆ្ងាយណាស់ ទាំងមជ្ឈមណ្ឌលកីឡាហែលទឹក មជ្ឈមណ្ឌលកីឡាក្នុងសាលជាច្រើនទៀតសុទ្ធតែមានលក្ខណៈទំនើបទាំងអស់។
សូមរម្លឹកថា ពហុកីឡដ្ឋានមរតកតេជោដំណាក់កាលទី១ បានសាងសង់រួចរាល់ជាស្ថាពរកាលពីឆ្នាំ២០១៧កន្លងមកនេះ ដែលមាន អាងហែលទឹក ទីលានបាល់ទះ បាល់បោះ និងប្រដាល់ជាដើម។
ដោយឡែកចំពោះគម្រោងនៃដំណាក់កាលទី២នេះ ទើបតែដំណើរការសាងសង់នៅដើមឆ្នាំ២០១៨នេះប៉ុណ្ណោះ ប៉ុន្តែសម្រេចផែនការបានជាង២០%ហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២០។ ចំណែកគម្រោងទី៣ គឺហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀតអាចនឹងត្រូវបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១ ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣៕
Source: Kampuchea Thmey Daily
0 Comments