ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបន្តនាំយកអំណោយជាអង្ករនិងគ្រឿងឧបភោគបរិភោគផ្តល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និរោធចំនួន១០៥គ្រួសារ ដែលកំពុងរងគ្រោះដោយទឹកជំនន់។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថានៅពេលថ្មីៗនេះលោកបានទទួលព័តមានពីលោកស្រីចៅសង្កាត់និរោធថា មានបងប្អូនប្រជាពលរដ្ឋចំនួន១០៥គ្រួសារកំពុងរងគ្រោះដោយទឹកជំនន់លិចផ្ទះសម្បែងនិងដីចំការ។ ភ្លាមៗនោះលោកអភិបាលក៏បានរៀបចំអំណោយនាំយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដល់ដៃភ្លាមៗដោយពុំពន្យារពេលឡើយ។
ក្នុងពេលនាំយកអំណោយដោយដើរឆ្លងកាត់ទឹកពេញក្នុងភូមិលោកអភិបាលខណ្ឌនិងក្រុមការងារសាលាខណ្ឌបានសំដែងនូវទឹកមុខអាណិតអាសូរដល់បងប្អូនដែលរងការលិចលង់លំនៅឋានហើយក្នុងនោះលោកអភិបាលខណ្ឌក៏បានពិនិត្យមើលទីតាំងដាក់ម៉ាស៊ីនបូមទឹកដើម្បីរំដោះទឹកចេញឲ្យបានឆាប់រីងស្ងួតងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋលោករស់នៅបានសុខស្រួល។
លោកចេង មុនីរ៉ា បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថានៅថ្ងៃស្អែកនេះលោកអភិបាលនិងចាត់ឲ្យគ្រូពេទ្យបង្អែកខណ្ឌចុះមកពិនិត្យជំងឺជូនបងប្អូនដូចជាជំងឺរាគជំងឺរមាស់ជាដើមដោយឥតយកប្រាក់ធ្វើយ៉ាងណាជួយដល់បងប្អូនមិនឲ្យលំបាកឡើយ។ គួរបញ្ជាក់ថាជារៀងរាល់ថ្ងៃលោកអភិបាលខណ្ឌនិងលោកលោកស្រីអភិបាលរងតែងនាំយកអំណោយផ្តល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាសង្កាត់ទាំង៨ដោយពុំមានថ្ងៃសំរាកឡើយ៕
Source: Kampuchea Thmey Daily
0 Comments