ភ្នំពេញ ៖ នេះជាការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បន្ទាប់ពីជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ស្យុង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានចូលជួបជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិការទូត នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងជំនួបនោះ លោក Xiong Bo បានសម្តែងនូវការរីករាយ ចំពោះការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ជាមួយនឹងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់យ៉ាងមមាញឹក ជាពិសេសព្រះរាជទស្សនកិច្ច របស់ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី និងទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅចិន ក៏ដូចជាទស្សនកិច្ចនៅកម្ពុជារបស់លោកប្រធានាធិបតី និងលោក នាយករដ្ឋមន្ត្រីចិន ដែលបានរឹតចំណងមិត្តភាព ភាតរភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានរួមចំណែក ជំរុញយ៉ាងខ្លាំងក្លានូវកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។
លោក Xiong Bo បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់សារៈសំខាន់ក្នុងការ ជំរុញទំនាក់ទំនងចិន-កម្ពុជា និងដែលមានជំនឿទុកចិត្តជ្រាលជ្រៅ ជាមួយចិន និងបានបន្ថែមថា គ្រប់មជ្ឈដ្ឋាន ថ្នាក់ដឹកនាំចិនបានកោតសរសើរ និងវាយតម្លៃខ្ពស់ ជាពិសេស ចំពោះវត្តមាននាពេលថ្មីៗនេះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង។ លោកឯកអគ្គរដ្ឋទូតក៏បាន សម្តែងការអបអរសាទរជាថ្មីផងដែរ ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៩ខែកក្កដា ឆ្នាំ២០១៨។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានក្នុងអាណតិ្តការងារនៅកម្ពុជារបស់លោក Xiong Bo ដែលបានរួមចំណែករឹត ចំណងទាក់ទងរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងការពេញចិត្ត ដោយឃើញថា ទំនាក់ទំនងកំរិតគណបក្ស និងគណបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាលប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ បានបន្តឈានខ្ពស់ឡើងជាបន្តបន្ទាប់ ហើយសកម្មភាព ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនង ការទូតកម្ពុជា-ចិនក្នុងឆ្នាំ២០១៨នេះ បានធ្វើឲ្យកិច្ចសហប្រតិបតិ្តការក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចិន ដែលបានធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់ជំនួយ ដ៏សន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយព្រមទាំងបានផ្តល់ការគាំទ្រ និងបានចូលរួម ឧបត្ថម្ភគាំទ្រដល់ដំណើរការបោះឆ្នោតសកលនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៨។ លោកឧបនាយករដ្ឋមន្ត្រី បានសន្យាថា នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធដល់ស្ថានទូតចិន និងឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិន ហើយក៏បានត្រៀមជាស្រេច ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាពេលឆាប់ៗខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments