កីឡាករ ធារី ចន្ថាប៊ីន ដែលទើបកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា គឺជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨នៅពេលនេះ ខណៈក្លិបរបស់កីឡាកររូបនេះទើបតែដណ្តើមបានកៅអីឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយប្រចាំយុទ្ធនាកាប្រកួតក្នុងពានរង្វាន់ 2018 Malaysia Cup។
ពានរង្វាន់ 2018 Malaysia Cup ក្នុងវគ្គជម្រុះតាមពូលមានក្រុមចំនួន១៦ឡើងទៅវគ្គចែកពូលដែលមាន៤ពូល។ ជារួមក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយដែលប្រើពេលប្រកួតចំនួន២ជើងរួមមានក្រុម Terengganu ជួបក្រុម Felda United ហើយក្រុម Johor Darul Ta'zim ជួបក្រុម Pahang FA ខណៈក្រុម PKNS ប៉ះក្រុម Perak និងក្រុម Sabah ប៉ះក្រុម Kelantan។
ចំពោះជើងទី១នេះក្រុម Terengganu បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Felda United ២ទល់១ កាលពីពេលថ្មីៗ លើទីលានកីឡដ្ឋានTun Abdul Razak Stadium ក្នុងទីក្រុងJengka។ ចំណែកប្រកួតជើងទី២រវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខលើទីលានកីឡដ្ឋានSultan Ismail Nasiruddin Shah Stadium ក្នុងទីក្រុងKuala Terengganu វិញម្តង។ ក្រុមឈ្នះក្នុងប្រកួតទាំង២នេះនឹងទទួលកៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជាបន្ត។
ចំពោះកីឡាករ ធារី ចន្ថាប៊ីន ទើបតែធ្វើដំណើរត្រឡប់ទៅប្រទេសម៉ាឡេស៊ី វិញនោះទេ ក្រោយបញ្ចប់ការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិម៉ាឡេស៊ី កាលពីនៅថ្ងៃទី១០ ខែកញ្ញា ថ្មីៗនេះ។ ប្រកួតកន្លងមកក្នុងវគ្គជម្រុះតាមពូលក្រុម Teregganu FA បានយកឈ្នះលើក្រុម Kuala Lumpur ៥ទល់១ ហើយបន្តឈ្នះលើក្រុម Perak ៤ទល់៣ និងស្មើគ្នាជាមួយក្រុម Felcra ២ទល់២។ ចូលដល់ជុំទី២ក្រុមនេះបានប្រកួតឈ្នះលើក្រុម Felcra ៤ទល់១ មុនចាញ់ក្រុម Perak ២ទល់១ វិញ និងបន្តចាញ់ក្រុមKuala Lumpur៣ទល់២។
សូមរំលឹកថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឱ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments