ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ នៅក្នុងទីក្រុង ហាណូយ ប្រទេសវៀតណាម ខណៈដែលនាយករដ្ឋ មន្ត្រីនៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកប្រធានាធិបតីវៀតណាមនាថ្ងៃទៅ ២៦ ខែ កញ្ញានេះ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិនាព្រឹកថ្ងៃទី២៦ ខែ កញ្ញានេះថា ក្នុង ការស្នាក់នៅនិងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកប្រធានាធិបតីវៀតណាម ត្រាន ដាយក្វាង នៅទីក្រុងហាណូយប្រទេសវៀតណាមនោះ នៅល្ងាច ថ្ងៃទី ២៦ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយលោក លី ណាក់យ៉ុន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ។
លោក ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា កិច្ចពិភាក្សាគ្នានេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីកូរ៉េ សែល ជំនួបនោះលោក លី មានគោលបំណងចូល រួមអបអរសាទរសម្តេចតេជោដោយផ្ទាល់ចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោតសាកលកាលពីថ្ងៃទី ២៩ ខែកក្កដា និង អបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦។ ជាមួយគ្នានេះកិច្ចពិភាក្សា នឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសទំនាក់ ទំនងរវាងប្រទេសទាំងពីរ ដែលបានផ្តួចផ្តើមឡើដោយសម្តេចតេជោ ហ៊ុន សែន កាលពី ២១ ឆ្នាំមុន៕
Source: Kampuchea Thmey Daily
0 Comments