ភ្នំពេញ ៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (គ.ដ.ន.ជ) បានអំពាវនាវឲ្យអ្នកទិញដីឡូត៍ ពុះលក់ទាំងអស់ ពិនិត្យមើលកម្មសិទ្ធិឲ្យបានច្បាស់លាស់ ថាតើដីនោះមានកម្មសិទ្ធិ ចុះបញ្ជីត្រឹមត្រូវដែរ ឬអត់ ? ដើម្បីជៀសវាងមានបញ្ហា។
លោក ប៉ែន សុផល អំពាវនាវបែបនេះ ជាការឆ្លើយតបសំណួរអ្នកសារព័ត៌មាន ខណៈលោកចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយប្រកាសស្តីពីការអភិវឌ្ឍដី កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ប៉ែន សុផល មានប្រសាសន៍ថា ប្រកាសស្តីពីការអភិវឌ្ឍដី ជាគោលការសំខាន់របស់ក្រសួង ដើម្បីធានាការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព និងសមធម៌។ ពីព្រោះជាទូទៅនៅក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលមានការអភិវឌ្ឍន៍ដី ត្រូវរៀបចំឲ្យចំគោលការណ៍បច្ចេកទេសនៃការអភិវឌ្ឍន៍ដី ហើយការអភិវឌ្ឍន៍ដីនេះ មានរហូតដល់១២ប្រភេទ។
ចំណែកទាក់ទងការពុះដីឡូត៍លក់ ដែលកំពុងកើតមានយ៉ាងគគ្រឹកគ្រេងនោះ លោក ប៉ែន សុផល អះអាងថា “ឥឡូវនេះក្រសួងបានអនុម័តប្រកាសនេះហើយ និងដាក់ឲ្យអនុវត្ត ហើយសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីប្រកាសដាក់ឲ្យអនុវត្ត ចឹងបន្ទាប់ពីប្រកាសនេះត្រូវបានអនុវត្ត ការអភិវឌ្ឍន៍ដីទាំងអស់រួមជាមួយការពុះដីឡូត៏លក់នេះ ជាគំរូមួយនៅការអភិវឌ្ឍន៍ដី ក៏ត្រូវតែសុំច្បាប់អនុញ្ញាតិ ពីក្រសួងរៀបចំដែនដី ឬពីសាលារាជធានី ខេត្ត ឬពីសាលាក្រុង ស្រុក ខណ្ឌ ទៅតាមទំហំសមត្ថកិច្ច ហើយតាមពិតប្រកាសនេះ ជាការលំអិតបន្ថែមទៅលើអនុក្រឹត្យលេខ៤២ ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៣ ខែបួន ឆ្នាំ២០១៥មកម្ល៉េះ។ ចឹងជាការលំអិតបន្ថែមអំពីលក្ខណៈបច្ចេកទេស និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានី ខេត្ត និងទីប្រជុំជន”។
លោក ប៉ែន សុផល អះអាងថា អ្នកទាំងអស់ ទាំងឯកជន និងអ្នករកស៊ី ត្រូវតែគោរពតាមគោលការណ៏ច្បាប់គតិយុត្តិជាធរមាន ហើយក្នុងករណីមិនគោរពតាម ក្រសួងនឹងដាក់ទណ្ឌកម្ម ឬផាកពិន័យ។ លោកបញ្ជាក់ថា “អញ្ចឹងហើយបានជាក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពីព្រោះជាទូទៅច្បាប់ភូមិបាលបានកំណត់ច្បាស់លាស់ ជាគោលការណ៍ ហើយរដ្ឋាភិបាលបានរៀបចំប្រព័ន្ធចុះបញ្ជីជាប្រព័ន្ធ ដែលទូទៅ គោលដៅអនុវត្តទូទាំងព្រះរាជាណាចក្រកម្ពុជា និងការចុះបញ្ជីដាច់ដោយដុំ ដូច្នេះប្រជាពលរដ្ឋត្រូវតែពិនិត្យមើល មុននឹងទិញ ថាតើដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីកម្មសិទ្ធិរបស់អ្នកលក់នោះ ពិតប្រាកដមែន ឬយ៉ាងណា ហើយជាទូទៅអ្នកដែលយកដីរបស់ខ្លួនលក់ឲ្យអ្នកនេះ ហើយបន្តឲ្យអ្នកនោះទៀតនោះ គឺត្រូវតែមានទោស ទាំងច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌក៏មានចែងអំពីបញ្ហានេះដែរ នេះជាការអនុវត្តតាមច្បាប់ ដូច្នេះអ្នកទៅទិញត្រូវតែពិនិត្យមើលឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌ និងបច្ចេកទេស”។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការរៀបចំដីឲ្យបានត្រឹមត្រូវ និងចំទិសដៅ ដើម្បីធានាការអភិវឌ្ឍន៍ដែនដី ប្រកបដោយចិរភាពតុល្យភាព និងប្រសិទ្ធភាព។ ម្យ៉ាងទៀត ដើម្បីការគ្រប់គ្រងលើការអភិវឌ្ឍដី បំបែកក្បាលដី ឬការបង្រួមក្បាលដី ទៅជាដីឡូត៍សំរាប់លក់ និងសាងសង់លំនៅឋានឧស្សាហកម្មអគារឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕
Source: Kampuchea Thmey Daily
0 Comments