ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោក ត្រាន់ ដាយក្វាង អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវេលា៨ និង ៣០នាទីព្រឹកថ្ងៃទី ២៦ ខែ កញ្ញានេះ ។
ឥស្សរជន កម្ពុជាដែលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ,លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើលិខិតរំលែកទុក្ខជូនលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀត ណាម ដោយបានបង្ហាញនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោក ត្រាន់ ដាយក្វាងដែលជាការបាត់បង់ដ៏ធំធេង នូវថ្នាក់ដឹកនាំដែលបានបូជាអស់កម្លាំងកាយចិត្តដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនវៀតណាម និង ទំនាក់ទំនងជាភាតរៈរវាង វៀតណាម និងកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក ត្រាន ដាយក្វាង (Tran Dai Quang) បានទទួលមរណភាពនៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង ជន្មាយុអាយុ ៦១ ឆ្នាំ។
លោក Dai Quang បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមនៅក្នុងខែ មេសា ឆ្នាំ ២០១៦ ដោយជំនួសតំណែង លោក Truong Tan Sang។ លោកក៏ជាប្រមុខរដ្ឋវៀតណាមដំបូងគេដែលបានស្លាប់ក្នុងតំណែង ។ លោក Dai Quang បានកើតនៅក្នុងឆ្នាំ ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh ។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនគរបាលប្រជា ជនវៀតណាមនិងសាលាភាសាបរទេសក្រោមក្រសួងមហាផ្ទៃដែលបច្ចុប្បន្នជាក្រសួងសន្តិសុខសាធារណៈ។ លោកក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យដោយមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ មុននឹងចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខ។ បន្តមកទៀតលោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈនៅឆ្នាំ ២០០៦។ ក្នុងខែសីហាឆ្នាំ ២០១១ លោក Dai Quang ត្រូវ បានដំឡើងតំណែងទៅជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរហូតដល់ខែមីនាឆ្នាំ២០១៦មុនក្លាយជាប្រធានាធិបតី៕
Source: Kampuchea Thmey Daily
0 Comments