Ad Code

ប្រទេស លី​ប៊ី ស្វែងរក​ការគាំទ្រ​ផ្នែក​សន្តិសុខ​ពី អង្គការសហប្រជាជាតិ



បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រយៈពេល​មួយខែ​ដែល​ធ្វើ​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់ រដ្ឋមន្ត្រីការបរទេស​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិរ​បស់​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​បេសកកម្ម​នយោបាយ​របស់ UN ប្រែក្លាយ​ទៅជា “​តួនាទី​សន្តិសុខ​និង​ស្ថេរភាព​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Mohamed Siala រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋាភិបាល​បង្រួបបង្រួម​ប្រទេស​លី​ប៊ី​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​មិនបាន​បញ្ជាក់​ទេ​ថា​តើ​លោក​គិតពី​បេសកកម្ម​ថែរក្សា​សន្តិភាព UN ដែរ​ឬ​អត់​។​

លោក​បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា “​អាទិភាព​ត្រូវតែ​ផ្តល់​ឲ្យ​សន្តិសុខ​និង​ស្ថេរភាព​។ យើង​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពី​បេសកកម្ម​នយោបាយ​ពិសេស UNSMIL ទៅជា​បេសកកម្ម​មួយ​ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​និង​ស្ថេរភាព​របស់​ប្រទេស​លី​ប៊ី​”​។​

បេសកកម្ម​គាំទ្រ​ប្រទេស​លី​ប៊ី​របស់​អង្គការសហប្រជាជាតិ (UNSMIL) ដែល​ដឹកនាំ​ដោយ​លោក Ghassan Salame ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ថ្មី​របស់​ប្រទេស​នេះ​បន្ទាប់ពី​បដិវត្តន៍​គាំទ្រ​ដោយ​អង្គការ​ណា​តូ​ដែល​បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី​លោក Moamer Kadhafi ។​
UNSMIL បាន​ផ្តោតលើ​ការជំរុញ​កិច្ចពិភាក្សា​នយោបាយ​ដើម្បី​ជួយ​ដល់​ការផ្លាស់ប្តូរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​។​

ក្រោម​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​បង្រួបបង្រួម​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង ទ្រី​ប៉ូ​លី ប៉ុន្តែ​វា​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​រដ្ឋបាល​គូប្រជែង​ដែល​គាំទ្រ​ដោយ​បុរស​ខ្លាំង Khalifa Haftar នៅ​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី​ទេ​។​

ការប៉ះទង្គិច​គ្នា​មួយខែ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០​នាក់​នៅ​ភាគខាងត្បូង​ទីក្រុង​មុនពេល​រដ្ឋាភិបាល​បង្រួប​បង្រួម​បានប្រកាស​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​កាលពី​ថ្ងៃ​ពុធ​រវាង​កងជីវពល​ដែលជា​គូប្រជែង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu