ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានវាយប្រហារកោះអូគីណាវ៉ាភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសៅរ៍ដោយបណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំនាក់រងរបួសខណៈដែលមន្ត្រីអាកាសធាតុបានព្រមានថា ព្យុះនេះនឹងឆ្លងកាត់ប្រជុំកោះរបស់ជប៉ុននៅចុងសប្តាហ៍នេះ។
ព្យុះទីហ្វុង Trami ដែលនាំមកជាមួយនឹងខ្យល់ក្នុងល្បឿនអតិបរមា២១៦គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារដីគោកនៅព្រឹកថ្ងៃអាទិត្យហើយអាចបណ្តាលឲ្យមានអាកាសធាតុអាក្រក់នៅទូទាំងប្រទេសនៅថ្ងៃចន្ទ។
ទូរទស្សន៍ NHK បានផ្សាយថា មនុស្សប្រហែល៦០០នាក់បានជម្លៀសខ្លួនទៅទីជម្រកនៅកោះអូគីណាវ៉ាហើយអគ្គិសនីត្រូវបានកាត់ផ្តាច់ដល់ផ្ទះជាង១២១,០០០ខ្នង។ ទូរទស្សន៍ NHK បានបន្តថា ជើងហោះហើរយ៉ាងហោចណាស់៣៨៦ត្រូវបានលុបចោលដែលភាគច្រើនគឺនៅភាគខាងលិចប្រទេសជប៉ុន។
មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សចំនួន៥នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងព្យុះនេះនៅកោះអូគីណាវ៉ាប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានគេព្រួយបារម្ភថាស្លាប់ទេ។
លោក Motoki Minei មន្ត្រីម្នាក់នៅការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់កោះនេះបាននិយាយថា “ចំនួននេះអាចកើនឡើងខណៈពេលយើងកំពុងប្រមូលព័ត៌មាន”។ លោកបានប្រាប់ AFP ថា “យើងកំពុងជំរុញឲ្យប្រជាពលរដ្ឋរបស់យើងប្រុងប្រយ័ត្នចំពោះព្យុះទីហ្វុងនេះ”។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារអាកាសធាតុបានព្រមានប្រជាជននៅទូទាំងប្រទេសជប៉ុនឲ្យប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង រលកខ្ពស់និងភ្លៀងធ្លាក់ឥតឈប់ឈរ។
អ្នកនេសាទនៅច្រកសមុទ្រ Kagoshima ដែលជាកន្លែងព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការបាក់ដីនោះគឺបានត្រៀមខ្លួនរួចរាល់ហើយខណៈពេលដែលព្យុះTrami ជិតទៅដល់។
ប្រសិនបើការព្យាករណ៍នេះពិតមែននោះ វានឹងក្លាយជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៃគ្រោះធម្មជាតិដ៏អាក្រក់បំផុតដែលវាយប្រហារប្រទេសជប៉ុន។
តំបន់ភាគខាងលិចនៃប្រទេសជប៉ុននៅតែកំពុងងើបឡើងវិញពីព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតមួយដែលបានសម្លាប់មនុស្សចំនួន១១នាក់និងបិទព្រលានយន្តហោះធំក្នុងតំបន់នៅដើមខែកញ្ញា។
ភ្លៀងធ្លាក់ខ្លាំងក្នុងកំណត់ត្រាក៏បានវាយលុកភាគខាងលិចប្រទេសជប៉ុនផងដែរនៅដើមឆ្នាំនេះហើយប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតក្នុងកំណត់ត្រា។
នៅក្នុងខែកញ្ញានេះផងដែរ ការរញ្ជួយដីកម្រិត៦.៦រ៉ិចទ័របានវាយប្រហារកោះហុកកៃដូភាគខាងជើងដែលបណ្តាលឲ្យមានការបាក់ដីនិងធ្វើឲ្យមនុស្សជាង៤០នាក់ស្លាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments