ភ្នំពេញ ៖ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)ចំនួន៤៨ រូបក្នុងចំណោមនិស្សិតសរុប៦៩០នាក់នៅលើពិភពលោកទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណរដ្ឋបារាំងក្នុងឆ្នាំ២០១៨ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី អេវ៉ា ង្វៀនប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រ កម្ពុជា ដៃគូអភិវឌ្ឍនានា និងជាពិសេស លោកសាស្ត្រាចារ្យ Claude Dumergier និង លោកសាស្ត្រាចារ្យ Jacques Baulieux ដែលបានជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកជំទាវ អេវ៉ា ង្វៀនប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសបារាំងបាននឹងកំពុងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិត បេសកកម្មរបស់អ្នកជំនាញការបារាំងជួយដល់កម្មវិធីបណ្តុះបណ្តាលអន្តរជាតិ និងផ្តល់អ្នកជំនាញការបច្ចេកទេស អ្នកស្ម័គ្រចិត្តអន្តរជាតិមកជួយដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ស្ថានទូតបារាំង បានរៀបចំសិក្ខាសាលាតម្រង់ទិស នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងទៅបន្តការសិក្សានៅប្រទេសបារាំង និងកំពុងជួយសម្រួលដល់បែបទិដ្ឋាការរបស់និស្សិតទាំងនោះ។ នៅពេលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ និស្សិតនឹងក្លាយជាសមាជិកសមាគមន៍អតីតនិស្សិតដែលបានបន្តការសិក្សានៅប្រទេសបារាំង។ បន្ថែមពីនោះ ស្ថានទូតបារាំងនឹងគាំទ្រដល់ការដាក់ឱ្យដំណើរការ Espace France នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកស្រីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានកោតសរសើរដល់និស្សិតជ័យលាភីទាំងអស់ដែលត្រូវបានជ្រើសរើស ពីព្រោះទាំងការសិក្សាផ្នែកវេជ្ជសាស្ត្រ ទាំងភាសាបារាំងសុទ្ធ។ និស្សិតទាំង៤៨រូបនេះ ត្រូវបានជ្រើសរើសក្នុងចំណោមនិស្សិតសរុប៦៩០នាក់នៅលើពិភពលោកឱ្យទៅបន្តការសិក្សានៅប្រទេសបារាំងនាឆ្នាំនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលបាននឹងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា សក្ខីភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល និងភាគីបារាំងដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុង វិស័យសុខាភិបាល និងបញ្ជាក់អំពីជោគជ័យមួយក្នុងការកសាងសមត្ថភាព និងជំនាញឯកទេសក្នុងវិស័យសុខាភិបាល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ បានកោតសរសើរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ និងណែនាំដល់ជ័យលាភីទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ជាស្ថាពរ និងទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗទាក់ទងនឹងឯកទេសរបស់ខ្លួន នៅពេលទៅសិក្សានៅប្រទេសបារាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យសុខាភិបាល នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសយើងវិញ។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញ និងលើកទឹកចិត្ដដល់និស្សិតវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ទទួលបានអាហារូបករណ៍ ទៅបន្ដការសិក្សានៅសាធារណរដ្ឋបារាំង ក្នុងឆ្នាំ២០១៨នេះ ត្រូវប្រឹងប្រែងក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីបារាំង យកមកចូលរួមចំណែកក្នុងការអភិឌ្ឍវិស័យសុខាភិបាលនៅមាតុប្រទេស។
ទន្ទឹមនឹងនេះលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏បានរំលឹកដល់និស្សិតទៅសិក្សានៅបារាំង ត្រូវចេះផ្សព្វផ្សាយ អំពីវប្បធម៌ នយោបាយ ការវិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជាដល់បណ្ដាប្រទេសដែលនៅទីនោះ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ និស្សិតស.វ.ស ចំនួន ៤៥ នាក់ (ស្រី ១៨ នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សាលើឯកទេសចំនួន ២០ផ្សេងៗគ្នា នៅប្រទេសបារាំង (៣៨ នាក់ ក្នុងកម្មវិធី DFMS -Diplôme de Formation Médicale Spécialisée និង០៧ នាក់ ក្នុងកម្មវិធី DFMSA-Diplôme de Formation Médicale Spécialisée Approfondie) និងអតីតនិស្សិតស.វ.ស ចំនួន ០៣នាក់ (ស្រី ០០ នាក់) ធ្វើកម្មសិក្សា (Stagiaires associés) នៅប្រទេសបារាំងផងដែរ៕
Source: Kampuchea Thmey Daily
0 Comments