បេក្ខជនប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro ដែលជាអតីតមន្ត្រីកងទ័ពសរសើរបបផ្តាច់ការយោធារបស់ប្រទេសប្រេស៊ីលឆ្នាំ១៩៦៤-១៩៨៥បាននិយាយកាលពីថ្ងៃសុក្រថា គាត់នឹងមិនទទួលយកលទ្ធផលនៃការបោះឆ្នោតនៅខែក្រោយនេះទេប្រសិនបើគាត់ចាញ់។
លោក Bolsonaro ដែលជាសមាជិកសភាម្នាក់ដែលមិត្តឈរឈ្មោះរបស់គាត់គឺជាអតីតឧត្តមសេនីយ៍ចូលនិវត្តន៍កំពុងនាំមុខការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតថ្ងៃទី៧ខែតុលាប៉ុន្តែការស្ទង់មតិបានបង្ហាញថា គាត់ប្រហែលជាចាញ់បេក្ខជនគណបក្សឆ្វេងនិយមលោក Fernando Haddad នៅក្នុងការបោះឆ្នោតជុំទីពីរ។
ប្រសិនបើគ្មាននរណាម្នាក់ទទួលបានសំឡេងភាគច្រើនដាច់ខាតនៃការបោះឆ្នោតជុំទី១ទេនោះ ការបោះឆ្នោតជុំទីពីររវាងបេក្ខជនកំពូលទាំងពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែតុលា។
លោក Haddad បានទទួលការកាន់កាប់គណបក្សកម្មករកាលពីដើមខែនេះពីអតីតប្រធានាធិបតីជាប់ពន្ធនាគារលោក Luiz Inacio Lula da Silva ដែលត្រូវបានហាមឃាត់ពីការឈរឈ្មោះដោយសារការកាត់ទោសពីបទអំពើពុករលួយ។
ចាប់តាំងពីពេលនោះមក លោក Haddad បានទទួលការគាំទ្រកើនឡើងនៅក្នុងការស្ទង់មតិហើយទំនងជាប្រឈមមុខនឹងលោក Bolsonaro នៅក្នុងការបោះឆ្នោតជុំទីពីរដែលនឹងក្លាយជាការបោះឆ្នោតចម្រូងចម្រាសបំផុតរបស់ប្រទេសប្រេស៊ីលចាប់តាំងពីការវិលត្រឡប់ទៅរករដ្ឋាភិបាលប្រជាធិបតេយ្យវិញក្នុងឆ្នាំ១៩៨៥។
ឧត្តមសេនីយ៍ចូលនិវត្តន៍ឈ្មោះ Hamilton Mourão ដែលជាមិត្តឈរឈ្មោះរបស់លោក Bolsonaro បាននិយាយថា កងកម្លាំងប្រដាប់អាវុធគួរតែធ្វើរដ្ឋប្រហារបើសិនជាប្រព័ន្ធតុលាការរបស់ប្រទេសនេះមិនអាចបញ្ចប់អំពើពុករលួយបានទេ។
លោក Bolsonaro បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Band TV នៅឯមន្ទីរពេទ្យដែលគាត់កំពុងព្យាបាលរបួសដោយការចាក់ប្រហារនឹងកាំបិតកាលពីបីសប្តាហ៍មុនថា “ខ្ញុំមិនអាចនិយាយទៅពួកមេបញ្ជាការយោធានោះទេប៉ុន្តែការគាំទ្រដែលខ្ញុំបានឃើញនៅតាមដងផ្លូវ ខ្ញុំនឹងមិនទទួលយកលទ្ធផលនៃការបោះឆ្នោតដែលមិនមែនជាជ័យជំនះរបស់ខ្ញុំទេ”។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបញ្ជាក់លម្អិតឡើយ។
ការស្ទាបស្ទង់របស់ Datafolha ដែលចេញផ្សាយកាលពីយប់ថ្ងៃសុក្របានឲ្យដឹងថា លោក Haddad មាន៦ពិន្ទុលើលោក Bolsonaro សម្រាប់ការបោះឆ្នោតជុំទី១ហើយនឹងផ្តួលគាត់ក្នុងការបោះឆ្នោតជុំទីពីរដោយសំឡេង៤៥ទល់នឹង៣៩ភាគរយ៕ REUTERS
[caption id="attachment_982339" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments