ភ្នំពេញ ៖ ជំនួប ជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកអគ្គរាជទូត បែលហ្សិក និង នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានបញ្ជាក់ថា វិនិយោគិនបែលហ្សិកជាច្រើន កំពុងសម្លឹងរកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោក ហ្វីលីព គ្រីដេលកា (Phillippe Kridelka) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្សិក និងលោក ហ្វីលីព កូអាទេស (Philip Coates) នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងលក្ខណៈអំណោយផលជាងគេក្នុងតំបន់ ហើយវិនិយោគិនបែលហ្សិកជាច្រើន កំពុងសម្លឹងរកមើលឱកាស ដើម្បីចូលមកវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។
លោកហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស បានកោតសសើរ អំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគដ៏គួរឲ្យទាក់ទាញ។ បេសកជនទាំងពីរ ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ដែលគ្រោងធ្វើនៅដើមខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឯកភាពចូលរួម និងបានថ្លែងអំណរគុណចំពោះ លោក ហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស ដែលបានគាំទ្រ និងផ្តល់ភាពជឿជាក់មកលើកម្ពុជា។ លោករដ្ឋមន្ត្រី បានជំរាបជូនបេសកជនទាំងពីរ អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីអត្ថប្រយោជន៍ តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ដែលអនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើការផលិតគ្រឿងបង្គំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផងដែរ។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទស្សនទាន ក្នុងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទប់ទល់ផលប៉ះពាល់ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាសារឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្ន ប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើសៃវៀនអន្តរជាតិ។ កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបែលហ្សិក សម្រេចបាន ៤១១លានដុល្លារ សហរដ្ឋអាមេរិក ហើយសម្រាប់រយៈពេល៧ខែនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ២៩២លានដុល្លារសហរដ្ឋអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments