ភ្នំពេញ ៖ លោក មូល ស៊ុយហេង ត្រូវបានតែងតាំងជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិវិញហើយ ក្រោយពីមានការតវ៉ាពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែលោកអាចប្រឈមផ្លូវច្បាប់ ទាក់ទងការប្រើប្រាស់ថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍន៍ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងអប់រំបានលើកឡើងថា វិទ្យាល័យព្រះស៊ីសុវត្ថិក្រោមការដឹកនាំរបស់លោក មូល ស៊ុយហេង បានកើតមានបញ្ហាអសកម្មមួយចំនួនពាក់ព័ន្ធ នឹងការគ្រប់គ្រង ការងាររដ្ឋបាល ការរៀន និងបង្រៀន និងការប្រើប្រាស់ថវិកាសាលារៀន ទាំងថវិការដ្ឋ និងថវិកាដៃគូអភិវឌ្ឍ។ ដោយមូលហេតុនេះហើយ ទើបក្រសួងធ្វើការផ្លាស់ប្ដូរលោកទៅកាន់នាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅវិញ តែធ្វើឲ្យក្រុមគ្រូបង្រៀននៅសាលានេះតវ៉ា ហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងបានជួបប្រជុំជាមួយគណៈគ្រប់គ្រង នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដោះស្រាយលើបញ្ហាតវ៉ានេះ ហើយជាលទ្ធផលបានរក្សាទុកលោក មូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិដដែល តែលោកលោក មូល ស៊ុយហេង ត្រូវសងថវិការដ្ឋដែលបានប្រើប្រាស់មិនមានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីមិនទាន់អាចសុំការបញ្ហាក់ពីលោក អ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំប៉ូលី បាននៅឡើយទេ ដោយទូរស័ព្ទពុំមានអ្នកទទួល ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ការតម្រូវឲ្យលោក មូល ស៊ុយហេង ត្រូវសងថវិការដ្ឋនេះ គឺគ្រាន់តែជាការរកឃើញបឋមប៉ុណ្ណោះ ដែលមិនទាន់អាចមានវិធានការបាននៅឡើយទេ ហើយក្រសួងកំពុងពិនិត្យបន្ថែម តែមកដល់ពេលនេះការធ្វើអថិការកិច្ចមិនទាន់ដល់ចុងក្រោយនៅឡើយទេ ។ ទោះជាយ៉ាងណា លោក ឌី ខាំប៉ូលី មិនទាន់អាចបញ្ជាក់ថា ទឹកប្រាក់ចំនួនប៉ុន្មាន ដែលក្រសួងតម្រូវឲ្យលោក មូល ស៊ុយហេង សងវិញនោះទេ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បាននាំគ្នាតវ៉ាពីរចំណុច គឺទី១, សុំឲ្យលោករដ្ឋមន្ត្រីក្រសួងអប់រំកុំដកនាយកសាលាចេញ និងទី២, សុំឲ្យដកសាលា NGS ចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ សំអាងថា សិស្សសាលាជំនាន់ថ្មី និងជំនាន់ចាស់ អត់ចុះសម្រុងគ្នា ឃើញមុខគ្នាសំឡក់សំឡឹង ហើយរើសអើងគ្នាទៀត និងបានស្នើឲ្យបង្កើតសាលា NGS នេះ នៅខាងក្រៅ មានន័យថា ជាសាលាឯកជន៕
Source: Kampuchea Thmey Daily
0 Comments