Ad Code

អ្នកនាំពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ថា ឆ្លងកាត់​ការប្រកួតប្រជែង​នយោបាយ​រយៈ​ពេល​កន្លងទៅ កម្ពុ​ជាមាន​អ្នកនយោបាយ​ពីរ​ប្រភេទ



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា ឆ្លងកាត់​ការប្រកួតប្រជែង​នយោបាយ​រយៈ​ពេល​កន្លងមក​នេះ នៅ​ប្រទេស​កម្ពុជា មាន​អ្នកនយោបាយ​ពីរ​ប្រភេទ គឺជា​អ្នកនយោបាយ​ដែល​ខិតខំ​រំដោះប្រទេស ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​លំៗ មិន​ខិតខំ​ទេ តែ​ចាំតែ​ជេរ និង​លាប​ពណ៌​អ្នកដទៃ​។

លោក សុខ ឥសាន លើក​ឡើង​ថា ប្រភេទ​ទីមួយ ជា​អ្នកនយោបាយ​ដែល​ខិតខំ​ដើម្បី​បានឈ្នះ ដោយ ទី​១, ក្នុង​ខណៈ​ដែល​មាតុភូមិ​ជួប​គ្រោះមហន្តរាយ​នៃ​សង្គ្រាម​វិនាសកម្ម និង​គ្រោះ​ប្រល័យ​ពូជសាសន៍ ខិតខំ​តស៊ូ និង​រិះរក​វិធី​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ទាំងនោះ បាន​ទាន់​ពេល​វេលា ទី​២, ខិតខំ​បំពេញ​តួនាទី ភារកិច្ច​បម្រើប្រជាជន​ចេះដឹង​សុខទុក្ខ​ប្រជាជន និង​ខិតខំ​ដោះស្រាយ​ជូន​ប្រជាជន​បាន​ស្របតាម​សំណូមពរ ទី​៣, ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត​ខិតខំ​បង្កើត​ស្នាដៃ​គុណសម្បត្តិ យកចិត្តទុកដាក់​ជួយ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក ទាក់ទាញ​សមានចិត្ត​ពី​ប្រជាជន ធ្វើ​ឲ្យ​ប្រជាជន​ជឿ​ទុកចិត្ត និង​បោះឆ្នោត​គាំទ្រ​ឲ្យ​ឈ្នះ​ឆ្នោត បាន​កាន់អំណាច។

ប្រភេទ​ទី​ពីរ​៖ ជា​អ្នកនយោបាយ​លំៗ មិន​ខិតខំ​ទេ ចាំតែ​ជេរ និង​លាប​ព៌​ណ​អ្នកដទៃ ដោយ​ទី​១, គ្នាន​គោលនយោបាយ​ច្បាស់លាស់​និង​ត្រឹមត្រូវ​ទេ ទី​២, គ្មាន​ទស្សនវិស័យ​ត្រឹមត្រូវ វែងឆ្ងាយ​ទេ ទី​៣, មួយថ្ងៃៗ គិតតែ​រិះរក​វិធី​វាយប្រហារ​គេ​ឯ​លាប​ព៏​ណ​គេឯង មិន​ខិតខំ​បង្កើត​ស្នាដៃ​ទេ តែមាន​គោល​គំនិត​លាប​ព៏​ណ​គេ បង្កាចបង្ខូច​គេឯង​យក​ស្នាដៃ​ទៅវិញ ទី​៤, មួយថ្ងៃៗ​មិន​គិត​ធ្វើ​អ្វី​ទេ​គិតតែ​រិះរក​វិធី​ធ្វើបាតុកម្ម​យកគុណ​សម្បត្តិ យក​ស្នាដៃ​។

តាម​លោក សុខ ឥសាន បើ​ប្រៀបធៀប​រវាង​អ្នកនយោបាយ​ប្រភេទ​ទី​១ និង​អ្នកនយោបាយ​ប្រភេទ​ទី​២ មតិ​ប្រជាជន​ភាគច្រើន​លើសលប់ ដើរ​តាម និង​គាំទ្រ​អ្នកនយោបាយ​ប្រភេទ​ទី​១ ដែល​ជា​អ្នកនយោបាយ​មាន​ឧ​ត្ត​ម​គតិ មានការ​ទទួលខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន ចេះ​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាជន ជា​តួអង្គ​ឈានមុខ ជា​គំរូ​តួយ៉ាង​ដូច​សម្តេច​តេ​ជោ ហ៊ុន សែន ជា​តួអង្គ​ឈ្នះ​ជានិច្ច និង​ជា​រៀងរហូត។

ចំណែក​អ្នកនយោបាយ​ប្រភេទ​ទី​២ ជា​អ្នកនយោបាយ​ចោលម្សៀត មាន​សតិ​អារម្មណ៍​អភិជន​ចង់​ស្រួល ចង់​ស្រណុក តែ​ខ្ជិល ជា​មនុស្ស​ឱកាសនិយម ចាំតែ​ឆ្លៀតឱកាស​រៃអង្គាស​ស្រោមសំបុត្រ ពី​អ្នក​ឆោតល្ងង់​មួយចំនួន មើលបំណាំ​អ្នកដទៃ ដើម្បី​ចាប់កំហុស​មក​ធ្វើជា​គុណសម្បត្តិ​របស់​ខ្លួន ដែល​ប្រជាជន​មិន​ចូលចិត្ត ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ​ប្រភេទ​នេះ​មិន​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន​ឡើយ ដែល​ធ្វើ​ឲ្យ​ទទួល​បរាជ័យ​ជា​រៀង​រហូត តួយ៉ាង​ដូច​ទណ្ឌិត​សម រង្សី ជា​តួយ៉ាង​ជាក់ស្តែង​ជា​ឧទាហរណ៍​ស្រាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu