ក្រុមបាល់ទាត់ណាហ្គាវើល បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ប្រចាំឆ្នាំ២០១៨ នេះក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយរកបានពិន្ទុច្រើនជាងក្រុមដទៃ ខណៈពានរង្វាន់នេះនៅសល់១ប្រកួតក្នុងដៃទៀតនឹងត្រូវបញ្ចប់។
សរុបលទ្ធផលប្រចាំសប្ដាហ៍ទី២១ នៃពានរង្វាន់លីគកំពូលកម្ពុជា ឃើញថានៅថ្ងៃសៅរ៍ ទី២២ខែកញ្ញា ឆ្នាំ២០១៨ ក្រុមក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើគ្នាជាមួយក្រុមអាស៊ីអឺរ៉ុប ២ទល់២ លើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមសូលទីឡូអង្គរ ឈ្នះក្រុមអគ្គីសនីកម្ពុជា ៤ទល់០ លើទីលានកីឡដ្ឋានខេត្តសៀមរាប និងក្រុមក្រសួងការពារជាតិ ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ១ទល់០ លើទីលានស្តាតចាស់។ ចំណែកនៅថ្ងៃអាទិត្យ ទី២៣ខែកញ្ញា ឆ្នាំ២០១៨វិញក្រុមភ្នំពេញក្រោន ឈ្នះក្រុមវេស្ទើនភ្នំពេញ ៦ទល់០ លើទីលានកីឡដ្ឋាន RSN Stadium ហើយក្រុមអង្គរថាយហ្គឺរ ស្មើគ្នាជាមួយក្រុមបឹងកេត ២ទល់២ លើទីលានកីឡដ្ឋានខេត្តសៀរាប និងក្រុមវិសាខា ចាញ់ក្រុមណាហ្គាវើល ២ទល់១លើទីលានកីឡដ្ឋានស្តាតចាស់។
សម្រាប់តារាងចំណាត់ថ្នាក់ឃើញបណ្តោះអាសន្នប្រចាំសប្ដាហ៍ទី២១នេះឃើញថាក្រុមណាហ្គាវើល ឡើងឈរកំពូលតារាង មាន៥៣ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បឹងកេតអែហ្វស៊ី មាន៤៩ពិន្ទុ ហើយក្រុមវិសាខា ឈរលេខ៣ មាន៤៥ពិន្ទុ។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៩ពិន្ទ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន៣៣ពិន្ទុ ក្រុមលេខ៦ ព្រះខ័នរាជស្វាយរៀង មាន៣០ពិន្ទុ ក្រុមលេខ៧អង្គរថាយហ្គឺរ មាន២៧ពិន្ទុ ក្រុមលេខ៨ អាស៊ីអឺរ៉ុប មាន២៧ពិន្ទុដែរ ក្រុមលេខ៩ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៤ពិន្ទុហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន១៩ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១មាន៩ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា នៅសល់១ប្រកួតទៀតនឹងបញ្ចប់រដូវកាលរបស់ខ្លួនហើយ ខណៈក្រុមណាហ្គាវើល ជាម្ចាស់ជើងឯក ក្រោយមានពិន្ទុច្រើនជាងក្រុមលេខ២បឹងកេត រហូតដល់ទៅ៤ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments