Ad Code

លើក​ពេល​កាត់ទោស​អតីត​ឧកញ៉ា ហូរ ចំរើន ដោយសារ​អវត្តមាន​សាក្សី



ភ្នំពេញ ៖ តាម​ការ​គ្រោងទុក នៅ​រសៀល​ថ្ងៃទី ២៥​កញ្ញា​ឆ្នាំ​២០១៨​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​អតីត​ឧកញ៉ា ហូរ ចំរើន បាញ់​គំរាម​ឳ​ក្មេក ម៉ែក្មេក ប៉ុន្តែ​ដោយសារ​អវត្តមាន​សាក្សី តំណាង​អយ្យការ​បានស្នើ​អោយ​ចៅក្រម​ជំនុំ​ជំ​រះ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​វិញ។

ចៅក្រម​ដែល​ត្រូវ​ដំណើរការ​សវនាការ​កាត់ទោស​នេះ​ឈ្មោះ លាង សំណាត់ និង​តំណាង​អយ្យការ​គឺ​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​តុលាការ​នៅ​រសៀល​ថ្ងៃទី ២៥​កញ្ញា បាន​ឲ្យ​ដឹង​ថា អនុរក្ស​គុក​ព្រៃ​ស បាន​បញ្ជូន​ជន​ត្រូវ​ចោទ ហូរ ចំរើន មកកាន់​បន្ទប់​សវនាការ​តាំងពី​ម៉ោង​១​រសៀល​មក​ម្ល៉េះ ដើម្បី​គេចវេះពី​ការ​តាម​ប្រ​មាញ់​របស់​អ្នក​សារ​ព័ត៌មាន។



ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុនពេល​ចៅក្រម​ជំនុំ​ជំ​រះ​និង​តំណាង​អយ្យការ​បាន​ចូលមក​ក្នុង​បន្ទប់​សវនាការ នៅក្នុង​បន្ទប់​សវនាការ​គឺ​មាន​តែ​ជន​ជា​តែ​ជនជាប់ចោទ បរិវារ​របស់​ជនជាប់ចោទ មេធាវី​ការពារ​ផ្លូវច្បាប់​អោយ​ជនជាប់ចោទ​តែប៉ុណ្ណោះ។ បន្ទាប់មក មាន​អ្នកយក​ព័​ត៌​មាន​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ម្នា​ក់បាន​ចូលទៅក្នុង​បន្ទប់​សវនាការ​នេះ​ដែរ​ ដើម្បី​ស្ដាប់​ការកាត់ទោស​ដែល​មាន​លក្ខណៈ​ជា​សាធារណៈ ប៉ុន្តែ​អ្វី​ដែល​គេ​នឹកស្មាន​មិន​ដល់​នោះ គឺ​ពេល​ឃើញ​បុគ្គលិក​ទូរទស្សន៍​ហង្ស​មាស​ចូល​ទៅដល់​ស្រាប់តែ​ជនជាប់ចោទ​ហូរ ចំរើន ឡាំប៉ា ឡូឡា​មិន​ឲ្យ​អ្នកយក​ព័ត៌មាន​ហង្ស​មាស​ស្ដាប់​ការ​កាត់ទោស​ខ្លួន ហើយ​បរិវារ​របស់​ជនជាប់ចោទ​បាន​ដេញ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​ចេញពី​បន្ទប់​សវនាការ​ដោយ​ខុស​ទៅ​នឹង​នីតិវិធី​ និង​ជា​ឆន្ទានុសិទ្ធិ​តែមួយគត់​របស់​ចៅក្រម​ជំនុំ​ជំ​រះ។

ដោយសារ​មិន​ចង់​ប្រឡាក់​សំរាម​សម្អុយ​សង្គម​បែបនេះ​ អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស​បាន​ដើរចេញ​មុន​ពេល​ចៅក្រម​ជំនុំ​ជំ​រះ​មកដល់ ហើយ​ពេល​អង្គ​សវនាការ​ចាប់ផ្ដើម តំណាង​អយ្យការ​បាន​ស្នើ​ឲ្យ​ពន្យារ​ពេល​សវនាការ​ដោយសារ​អវត្តមាន​សាក្សី។

គួររំលឹក​ថា​ អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី ១៦​ឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ការ​បាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ភូមិ​គ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក ហូរ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ និង​ភរិយា​ឈ្មោះ គារ សុខ​គាង អាយុ​១៩​ឆ្នាំ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី ១២​មេសា ឆ្នាំ​២០១៨​ថ្មីៗ​នេះ លុះ​មកដល់​ថ្ងៃទី ២១​មេសា ស្រាប់តែ​មាន​ទំនាស់​កើតឡើង​ក្នុង​គ្រួសារ​នៅ​វេ​លា​រសៀល ហើយ​ស្រាប់តែ​ឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើង​គំរាមកំហែង​នៅក្នុង​ភូមិ​គ្រឹះ​នោះ​បណ្ដាល​ឲ្យ​កើតមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

ក្រោយ​កើតហេតុ​គេ​ឃើញ​លោក​យិន គារ អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង ជា​ភរិយា​លោក​ឧកញ៉ា ហូរ ចំរើន បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់។ បន្ទាប់មក​សំណុំ​រឿង​នេះ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បឋម ហើយ​នៅ​ថ្ងៃទី ១៦​ឧសភា​នេះ​ក៏​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម​ថា​នឹង​សម្លាប់ និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu