ភ្នំពេញ ៖ ក្នុងគោលបំណងដើម្បីបង្កើនដល់ការយល់ដឹងសំខាន់ៗនិងតម្រង់ទិសដល់ក្រុមប្រឹក្សាទើបជាប់ឆ្នោតថ្មី លើការលើកកំពស់អភិបាលកិច្ចល្អព្រមទាំងទស្សនទាន អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី២០កញ្ញានេះក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីគោលការណ៍ជាសកលនៃអភិបាលកិច្ចល្អនិងតម្រង់ទិសដល់ក្រុមប្រឹក្សាជាប់ឆ្នោតថ្មីដែលមានគ្រូឧទ្ទេសមកពីសមាគមជាតិ។
នៅក្នុងមេរៀនដែលគ្រូឧទ្ទេសលើកយកមកសិក្សាស្វែងយល់ដល់វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះគឺការបង្កើតការយល់ដឹងពីក្របខ័ណ្ឌអនុវត្តន៍គណនេយ្យភាពសង្គមនៅកម្ពុជាព្រមទាំងស្វែងយល់ពីទិដ្ឋភាពរួមនៃវិមជ្ឈការតាមបែបលទ្ធិប្រជាធិបតេយ្យនិងពិភាក្សាអំពីបញ្ហាប្រឈមនៃដំណើរការកំណែទំរង់វិមជ្ឈការនិងសហវិមជ្ឈការនៅកម្ពុជាព្រមទាំងស្វែងយល់អំពីផែនការនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះក្រុមប្រឹក្សាត្រូវស្វែងយល់ផងដែរអំពីទស្សនទានក្នុងការបញ្ជ្រាបយែនឌ័រដើម្បីធ្វើការអភិវឌ្ឍន៍ទៅតាមបញ្ញត្តិសំខាន់ៗដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ៕
Source: Kampuchea Thmey Daily
0 Comments