Ad Code

ក្រុម​អ្នកបញ្ជា​ទិញ ​និង​ត្រីភាគី ​នឹង​បង្កើត​អនុសញ្ញា​រួម​ដើម្បី​លើកកម្ពស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​



ភ្នំពេញ​ ៖​ ក្រុម​អ្នកបញ្ជា​ទិញ​និង​ត្រីភាគី​រួមមាន​ភាគី​និយោជក​ភាគី​សហជីព ​និង​ភាគី​រាជរដ្ឋាភិបាល​ នឹង​បង្កើត​អនុសញ្ញា​រួមគ្នា​មួយ​ដើម្បី​លើកកម្ពស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ការបង្កើត​អនុសញ្ញា​រួម​នេះ​គឺ​ដើម្បី​ធានា​ដល់​កម្មករនិយោជិត​ឲ្យ​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​មួយ​សមរម្យ​និង​ធានាថា​ អ្នកបញ្ជា​ទិញ​ត្រូវ​សហការ​ក្នុង​ការ​បញ្ជាទិញ​ផលិតផល​វិស័យ​កាត់ដេរ​ពី​កម្ពុជា​នៅក្នុង​រយៈពេល​វែង​។



ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោក Frank Hoffer នាយក​ប្រតិបត្តិ​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​សកម្មភាព​ដើម្បី​ការប្រែប្រួល​ផ្នែក​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​កាលពី​ល្ងាច​ថ្ងៃទី​១៩ ​ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​ទីស្ដីការក្រសួង លោក​បណ្ឌិត អ៊ិត សំហេង​បាន​បន្ត​ថា ​ការបង្កើត​អនុសញ្ញា​រួម​នេះ​ក៏​នឹង​ជួយ​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ក្នុង​ផ្នែក​វិនិយោគ ផលិតកម្ម​និង​ជួយ​លើកកម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

ជា​មួយ​គ្នា​នេះ​ដែរ លោក អ៊ិត សំហេង​បាន​ស្នើ​ដល់​លោក Frank Hoffer​ដាក់បញ្ចូល​នូវ​បញ្ហា​ផ្សេងៗ​ដូចជា​ការធានារ៉ាប់រង​ហានិភ័យ​ការងារ ការថែទាំង​សុខភាព របប​សោធន​និវត្តន៍​ដែល​គ្រោង​អនុវត្ត​នៅ​ឆ្នាំ​២០១៩ គម្រោង​សុវត្ថិភាព​ចរាចរណ៍ បញ្ហា​អនាម័យ​និង​សុខភាព​ដើម្បី​ទប់ស្កាត់​ករណី​ដួលសន្លប់​ចំពោះ​កម្មករនិយោជិត​ក្នុង​រោងចក្រ​នានា​។

លោក​បណ្ឌិត អ៊ិត សំហេង​មាន​សុទិដ្ឋិនិយម​ថា​ទៅ​ថ្ងៃ​អនាគត​អនុសញ្ញា​រួម​នេះ​នឹង​ចេញ​ជា​រូបរាង​ដើម្បី​ឲ្យ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​និង​មាន​អ្នកបញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​ដែល​នឹង​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​កាន់តែ​រីកចម្រើន​ថែមទៀត​។



លោក Frank Hoffer​បាន​មានប្រសាសន៍ថា​ គម្រោង​សកម្មភាព​ដើម្បី​ការប្រែប្រួល​ផ្នែក​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់​ដែល​ហៅ​កាត់​ថា​ACT​នេះ​គឺជា​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​ម្ចាស់​ម៉ាក​កម្រិត​ពិភពលោក អាជីវករ​លក់រាយ​និង​សហជីព​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​ដើម្បី​ឲ្យ​កម្មករនិយោជិត សម្រេចបាន​ប្រាក់​ឈ្នួល​សមរម្យ​តាមរយៈ​ការចរចា​ជា​សមូហភាព​នៅ​ថ្នាក់​វិស័យ​ដោយ​ភ្ជាប់​ជាមួយនឹង​ការគាំទ្រ​ក្នុងការ​កែសម្រួល​បែបបទ​នៃ​ការបញ្ជាទិញ​និង​ម្ចាស់​ម៉ាក​។

លោក​បាន​បន្ត​ទៀត​ថា ​ក​ម្ពុ​ជា គឺជា​ប្រទេស​ទី​១​ដែល​ACT ជំរុញ​ឲ្យ​មាន​ការ​ចុះ​អនុញ្ញាត​រួម​ថ្នាក់​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​នេះ។

គួរ​បញ្ជាក់​ថា​ សមាជិក ACT បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​គាំទ្រ​ការចរចា​ចុះ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា ដោយ​បង្ហាញ​អំពី​យន្ត​ការកែ​សម្រួល​ការ​បញ្ជា​ទិញ​នៅ​កម្ពុជា ដែល​បញ្ជាក់​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​នឹង​ទទួលបាន​ការ​បញ្ជាទិញ​មុនគេ ប្រសិនបើ​កម្ពុ​ជាមាន​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​។

ជា​មួយ​គ្នា​នេះ​ដែរ ​សមាជិក ACT បាន​ជំរុញ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​សហជីព​កម្ពុជា​ទាំង​៩ ដែល​បាន​ចូលរួម​ចរចា​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​នេះ​បញ្ចប់​ការចរចា​និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​រួម​នេះ​ឲ្យ​បាន​ឆាប់រហ័ស​នៅ​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មុននឹង​អ្នកបញ្ជា​ទិញ​សម្រេច​លើ​ការបញ្ជាទិញ​របស់​ពួកគេ​សម្រាប់​ឆ្នាំ​២០១៩​នៅត្រឹម​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu