អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលទើបចាកចេញពីក្រុមជើងឯកឆ្នាំចាស់បឹងកេត ដោយទៅចូលរួមជាមួយក្រុមណាហ្គាវើល ក្នុងជើងទី២ប្រចាំរដូវកាលឆ្នាំ២០១៨នេះ បានអះអាងថារូបគេចង់ឈ្នះជើងឯកនៅទ្រនំថ្មី ដោយមិនគិតពីតំណែងជាអ្នកចាំទីឆ្នើមអ្វីនោះទេ (ម្ចាស់ស្រោមដៃមាសប្រចាំរដូវកាល)។
កីឡាកររូបនេះធ្លាប់បានលើកឡើងថា «និយាយទៅរឿងស្រោមដៃមាសហ្នឹងខ្ញុំមិនទាន់គិតដល់នោះទេ តែសំខាន់ជួយក្រុមណាហ្គា ឲ្យបានលើកពានជាមុនសិន។ ទោះបីខ្ញុំមកក្លិបថ្មីរយៈពេលខ្លី តែខ្ញុំខិតខំប្រឹងប្រែងហ្វឹកហាត់ ព្យាយាមពីក្រុមឲ្យបានច្រើន ដើម្បីសម្រេចគោលដៅរួមរបស់យើង»។ កីឡាករ ស៊ូ យ៉ាទី ទើបតែជាពីរបួសរហែកសាច់ដុំក្រោយធ្វើដំណើរទៅដល់ណាហ្គាវើល កាលពីខែកក្កដា កន្លងទៅ។
ក្លិបណាហ្គាវើលមានកម្រិតលេងល្អមួយទាំងនៅតំបន់ការពារ បម្រើ និងប្រយុទ្ធ ប៉ុន្តែណាហ្គាវើល នៅអន់ប្រៀបត្រង់អ្នកចាំទីតែម្តង ដែលកម្រិតរបស់អ្នកចាំទីចាស់នៅមិនអាចបំពេញចន្លោះប្រហោងបាននៅឡើយ។ បើនិយាយពីកៅអីជម្រើស១១នាក់ដំបូងរបស់អ្នកចាំទី ស៊ូ យ៉ាទី នៅណាហ្គាវើល ដែលជាទ្រនំថ្មី អាចមានភាគរយច្រើនថានឹងបង្ហាញខ្លួននៅលើទីលានពោលគឺមានប្រៀបជាងសិស្សច្បងជើងចាស់គឺអ្នកចាំទី សំរឹទ្ធ សីហា និងសិស្សប្អូន សាន ឧសភា និង សៀង ណាំងជៀវ ដែលជាកីឡាករចាស់។ ណាហ្គាវើល កំពុងត្រូវការពិន្ទុរក្សាកៅអីកំពូលតារាងរបស់ខ្លួន ខណៈពានរង្វាន់លីគកំពូលកម្ពុជានៅសល់២ប្រកួតទៀតនឹងបញ្ចប់រដូវកាលរបស់ខ្លួនហើយ។
និយាយពី ស៊ូ យ៉ាទី រូបគេបានចាប់អាជីពជាអ្នកចាំទីដំបូងជាមួយក្រុមបៀលប្រាយ នៅឆ្នាំ២០១៦ដល់២០០៧ ខណៈនៅឆ្នាំ២០០៩ ដល់២០១៣ រូបគេចូលរួមជាមួយក្រុមក្រសួងការពារជាតិ និងពីឆ្នាំ២០១៣ ដល់២០១៥ គេផ្លាស់ទៅក្រុមភ្នំពេញក្រោន និងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ចូលរួមជាមួយបឹងកេត។ ចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្នរូបគេជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ពីឈុត U22 ដល់ឈុតធំផងដែរ។
មុនមានការវិវត្តន៍អាជីពរបស់ខ្លួនពីក្លិបមួយទៅក្លិបមួយ ស៊ូ យ៉ាទី ធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ ជាមួយក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១៤ ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ជាមួយភ្នំពេញក្រោន ខណៈនៅឆ្នាំ២០១៦និង២០១៧ ឈ្នះជើងឯកលីគកំពូលកម្ពុជា ជាមួយបឹងកេតម្តង។ នៅឆ្នាំ២០១៥ គេធ្លាប់ឈ្នះជើងឯករងពានរង្វាន់ 2015 Mekong Club Championship ជាមួយបឹងកេត ក្រោយចាញ់ក្រុមថៃ Buriram United ១ទល់០។ ចំណែកពានរង្វាន់ឯកត្តជនវិញគេធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមានលីគកំពូលកម្ពុជាឆ្នាំ២០១៤ និង២០១៧ ផងដែរ ខណៈក្នុងពាន ២០១៥ Mekong Club Championship ឈ្នះស្រោមដៃមាសដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments