ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់នៅខេត្តស្វាយរៀង បន្តយកចិត្តទុកដាក់ថែទាំ និង ព្យាបាលជូនអ្នកជំងឺ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយគឺធ្វើយ៉ាងណាផ្តល់សេវាព្យាបាលប្រកបដោយគុណភាពនិងតម្លាភាព។
ការថ្លែងបែបនេះនៅ ក្នុងពិធីសំណេះសំណាលនិងសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែងដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិនអូស្ត្រាលីនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលមានអ្នកជំងឺមកពិនិត្យនិងព្យាបាលប្រមាណជាង៣០០០នាក់ផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានពាំនាំនូវការនឹករលឹក និងការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូន ដល់បងប្អូនប្រជាពលរដ្ឋ, អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរ អរគុណដល់គម្រោង ព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី)សកម្មភាពដ៏ថ្លៃថ្លានេះជា ការចូលរួមចំណែកដ៏សំខាន់ណាស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។ ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូផ្សេងៗទៀត ដូចជា ៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជំងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជំងឺក្រីក្រ វះកាត់ភ្នែកឡើង បាយ អង្គការCHC ជួយដល់ផ្នែកជំងឺរបេង-អេដស៍ អង្គការដើមត្នោត និង Marie Stop ជួយកម្មវិធីពន្យារកំណើត។ អង្គការ Operation Smile ជួយវះកាត់ មាត់ឆែប ក្រអូមមាត់ឆែប។ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយ ថវិកាជាង ៩ លានដុល្លាសហរដ្ឋអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតាហើយ និងការជួយសង្គ្រោះទារក និង កុមារ ការបណ្តុះបណ្តាល មួយចំនួន។ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានបរិច្ចាគឈាមជូន ដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ជាប្រចាំ ប្រកបដោយគុណភាព។ ត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង។ ក្នុងនោះពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈអោយបានល្អប្រសើរ និងមានឥរិយាបថរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់ សេវាជូនប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺ ឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យនៅតាមមូលដ្ឋានសុខាភិបាលឱ្យបាន ល្អប្រសើរ។
បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាល ដែលជាបញ្ហាសំខាន់មួយផងដែរ ក្នុងវិស័យសុខាភិបាល នេះតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments