Ad Code

ប្រទេស​ម៉ា​ល់​ឌី​វ​មាន​ភាព​ធូរស្បើយ​នៅពេល​បុរស​ខ្លាំង​ ទទួលស្គាល់​បរាជ័យ



មេដឹកនាំ​ខ្លាំង​របស់​ប្រទេស​ម៉ា​ល់​ឌី​វ​កាលពី​ថ្ងៃ​ចន្ទ​ បានទទួល​ស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ដែលជា​ហេតុ​នាំ​ឲ្យ​បំបាត់​ភាពភ័យខ្លាច​នៃ​វិបត្តិ​នយោបាយ​ថ្មី​មួយ​នៅក្នុង​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​ដែលជា​ចំណុច​សំខាន់​នៃ​ការប្រយុទ្ធ​សម្រាប់​ឥទ្ធិពល​រវាង​ឥណ្ឌា​និង​ចិន​។​

លោក​ប្រធានាធិបតី Abdulla Yameen បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ទៅកាន់​ប្រជាជាតិ​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​មួយថ្ងៃ​បន្ទាប់ពី​បេក្ខជន​គណបក្សប្រឆាំង​ទទួលបាន​ជ័យជំនះ​ថា “​ប្រជាជន​ម៉ា​ល់​ឌី​វ​បានសម្រេច​នូវ​អ្វីដែល​ពួកគេ​ចង់បាន​។ ខ្ញុំ​បាន​ទទួលយក​លទ្ធផល​ពីថ្ងៃ​ម្សិលមិញ​”​។​

លោក Yameen បាន​និយាយទៀតថា “​នៅពេល​ព្រឹក ខ្ញុំ​បាន​ជួប​ជាមួយ​លោក Ibrahim Mohamed Solih ដែល​អ្នកបោះឆ្នោត​ម៉ា​ល់​ឌី​វ​បានជ្រើសរើស​ធ្វើជា​ប្រធានាធិបតី​បន្ទាប់​របស់​ពួកគេ​។ ខ្ញុំ​សូម​អបអរសាទរ​ដល់​គាត់​”​។​

លោក​បាន​និយាយថា លោក​នឹង​ប្រគល់​អំណាច​នៅពេល​អាណត្តិ​របស់លោក​បញ្ចប់​នៅ​ថ្ងៃទី ១៧​ខែវិច្ឆិកា​ហើយ​ធានា​ឲ្យ​បាន​នូវ​ការផ្លាស់ប្តូរ​ដោយ​រលូន​នៅក្នុង​ប្រជាជាតិ​ដែលមាន​កោះ​១,២០០​កោះ​មួយ​នេះ​និង​ជាទី​ពេញនិយម​ជាមួយ​ភ្ញៀវទេសចរ​បរទេស​ដោយ​សារ​ឆ្នេរ​ខ្សាច់​ពណ៌​ស​និង​ទឹកសមុទ្រ​ពណ៌​ខៀវ​របស់ខ្លួន​។​

ជ័យជំនះ​របស់លោក Solih គឺជា​ការភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ដោយ​គូប្រជែង​នយោបាយ​សំខាន់​របស់លោក Yameen ស្ថិតនៅក្នុង​ពន្ធនាគារ​ឬ​ក្នុងការ​និរទេស​ខ្លួន​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មកពី​ក្រុមប្រឆាំង​និង​ក្រុម​អ្នកឃ្លាំមើល​បាន​ព្យាករណ៍​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​។​
​មានការ​ព្រួយបារម្ភ​ថា លោក Yameen ប្រហែលជា​មិន​ទទួលយក​លទ្ធផល​ដូចដែល​បានកើត​ឡើង​បន្ទាប់ពី​ការបោះឆ្នោត​លើក​មុន​នៅក្នុង​ឆ្នាំ​២០១៣​ទេ​។​

លទ្ធផល​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​បាន​បង្ហាញថា លោក Yameen ទទួលបាន​៤១,៧​ភាគរយ​នៃ​សំឡេងឆ្នោត​ដោយ​តាម​ពីក្រោយ​លោក Solih ដែលមាន​សំឡេងឆ្នោត​៥៨,៨​ភាគរយ​។ លទ្ធផល​ផ្លូវការ​ចុងក្រោយ​នឹងត្រូវ​ចំណាយពេល​មួយ​សប្ដាហ៍​ដើម្បី​ចេញផ្សាយ​។​

លោក Yameen នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់ពី​លទ្ធផល​បាន​លេចឡើង​កាន់តែច្បាស់​។​
​ជិត​៩០​ភាគរយ​នៃ​អ្នកបោះឆ្នោត​ប្រមាណ​២៦២,០០០​នាក់​បាន​ចេញទៅ​បោះឆ្នោត​ដោយមាន​អ្នកខ្លះ​បាន​តម្រង់​ជួរ​រង់ចាំ​អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu