Ad Code

ពិតជា​មិន​ចេះ​រាងចាល​មែន ទើប​រួច​ពី​ខ្នោះ​ទៅ​ប្រព្រឹត្ត​បទល្មើស​ថ្មី​ទៀត​ ត្រូវ​ម្ចាស់​ដី​ប្ដឹង​ចូល​តុលាការ​ព្រហ្មទណ្ឌ



ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះដៃ​បញ្ជូន​ឡើង​តុលាការ​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​និស្សិត​រាប់​សិប​នាក់ ហើយ​ត្រូវ​បាន​ចៅក្រម​សម្រេច​ដោះលែង​វិញ​ដោយសារ​ព្រម​សង​លុយ​ទៅ​ដើមបណ្ដឹង ឥឡូវ​ត្រូវ​បាន​អ្នកជិតខាង​ប្ដឹង​មក​តុលាការ​ព្រហ្មទណ្ឌ​មួយ​ករណី​ទៀត ពាក់ព័ន្ធ​នឹង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា និង​រំលោភបំពាន​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។

ជនសង្ស័យ ​ដែល​ត្រូវ​បាន​អ្នកភូមិ​ជាប់​របង​គ្នា​ប្ដឹង​នេះ ​ឈ្មោះ ហាក់ ចាន់នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ ហាក់ ចាន់​ធា ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៤៤៧ ផ្លូវលំ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

ដើមបណ្ដឹង​ក្នុង​រឿងក្ដី​ថ្មី​នេះ​ឈ្មោះ ឆេង សារ៉ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៩៣ ផ្លូវលំ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

តាម​អង្គហេតុ​នៃ​រឿង​បាន​បង្ហាញថា កាលពី​ថ្ងៃទី ២៤​កុម្ភៈ ឆ្នាំ​២០០៩ ឈ្មោះ ហាក់ ចាន់នី បាន​ព្រមព្រៀង​លក់​ដី​១​ឡូត៍​មាន​ទំហំ ៨,៥០​ម៉ែត គុណ​នឹង​២៥​ម៉ែត ស្ថិតក្នុង​ក្រុម​២ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​បាន​ផ្ទេរកម្មសិទ្ធិ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ត្រឹមត្រូវ។ ក្រោយពី​បានទទួល​សិទ្ធិ​កាន់កាប់​ហើយ​លោក ឆេង សារ៉ន បានធ្វើ​របង​សសរ ​ដែក​បាំង​ដោយ​លួស​បន្លា​និង​ស័ង្កសី មាន​ទ្វារ​ដែក​ចេញចូល​ទៀត​ផង ស្រាប់តែ​១០​ឆ្នាំ​ក្រោយមក នៅ​យប់​ថ្ងៃទី ០១​កញ្ញា ឆ្នាំ​២០១៨​នេះ ឈ្មោះ ហាក់ ចាន់នី និង​ហាក់ ចាន់​ធា ជា​បងប្អូន​បង្កើត​បាន​យក​ម៉ាស៊ីន​កាត់​ដែក​មក​លួច​កាត់​យក​ដែក​របង បន្លា​លួស​និង​ស័ង្កសី​ដឹក​ចេញពី​ដី​របស់​ឈ្មោះ​ឆេង សារ៉ន ទៅ​អស់ ហើយ​ថែមទាំង​រៀប​របង​បេតុង​ថ្មី​បិទ​ច្រក​ទ្វារ​ចេញចូល​ក្នុង​ដី​គេ​ថែមទៀត ទើប​ឈ្មោះ​ឆេង សារ៉ន បាន​ប្ដឹង​ឡើង​មក​សាលាសង្កាត់ និង​ប្ដឹង​មក​អយ្យការ​អម​សាលាដំបូង​អោយ​ចាត់ការ​​ជនសង្ស័យ​តែម្ដង។

ឥឡូវ​រឿងក្ដី​ថ្មី​នេះ ​កំពុង​ស្ថិតនៅក្នុង​ការពិនិត្យ​របស់​ព្រះរាជអាជ្ញា​អម​តុលាការ​ដើម្បី​កំណត់ពេល​កោះហៅ​ដើមបណ្ដឹង និង​ជនសង្ស័យ​មក​សាកសួរ សម្រេច​តាមច្បាប់។

គួរ​រំលឹក​ថា ប៉ូលិស​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចាប់​ឈ្មោះ ហាក់ ចាន់នី ដាក់​ខ្នោះដៃ​បញ្ជូន​មក​តុលាការ​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​ចៅក្រម​ថ្លាង ផា​ណែ​ត ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​និស្សិត​រាប់សិប​នាក់​ក្នុង​ម្នាក់ៗ​ជាង​៦ ០០០​ដុល្លារ ប៉ុន្តែ​ក្រោយមក​ចៅក្រម​បានសម្រេច​ដោះលែង​អោយ​ជនជាប់ចោទ​រូប​នេះ​មាន​សេរីភាព​វិញ ​ដោយសារតែ​ព្រម​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​វិញ​ទាំងអស់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu