នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ដែលបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញជាអន្តរជាតិដោយសារតែការសម្រាលកូនខណៈកំពុងកាន់តំណែងបាននាំកូនស្រីអាយុ៣ខែរបស់នាងចូលក្នុងសាលប្រជុំនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
លោកស្រី Jacinda Ardern អាយុ៣៨ឆ្នាំគឺជាមេដឹកនាំពិភពលោកទី២ដែលបានសម្រាលកូនខណៈពេលកំពុងកាន់អំណាច។ ទី១គឺលោកស្រី Benazir Bhutto ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅពេលដែលកូនស្រីរបស់នាងបានកើតនៅក្នុងឆ្នាំ១៩៩០។
នាយករដ្ឋមន្ត្រីរូបនេះត្រូវបានគេថតរូបខខណៈថើបនិងពកូនស្រីឈ្មោះ Neve នៅក្នុងសាលប្រជុំធំនៅក្បែរដៃគូរបស់នាងឈ្មោះ Clarke Gayford អំឡុងកិច្ចប្រជុំពេញអង្គមួយដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំកំពូលសន្តិភាព Nelson Mandela ដែលលោកស្រីក៏បានថ្លែងសុន្ទរកថាផងដែរ។
លោក Gayford ដែលជាពិធីករកម្មវិធីនេសាទតាមទូរទស្សន៍ហើយមានគម្រោងធ្វើជាអ្នកថែរក្សាដ៏សំខាន់សម្រាប់កូនស្រីរបស់ពួកគេនោះបានបង្ហោះរូបថតនៅអង្គការសហប្រជាជាតិហើយបានហៅកូនថាជា “ទារកទីមួយរបស់នូវែលហ្សេឡង់”។
លោកស្រី Ardern បានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងខែតុលាក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះបន្ទាប់ពីចូលកាន់កាប់គណបក្សការងារ។ លោកស្រីបានត្រឡប់ទៅធ្វើការវិញកាលពីខែមុនបន្ទាប់ពីឈប់សម្រាកសម្រាលកូនរយៈពេល៦សប្តាហ៍។
លោកស្រីបានប្រកាសរួចទៅហើយថា ពួកគេនឹងធ្វើដំណើរជាគ្រួសារទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កជាទីដែលលោកស្រីនឹងថ្លែងទៅកាន់មហាសន្និបាត។ កាលពីថ្ងៃចន្ទ លោកស្រីបាននិយាយនៅក្នុងពិធីបើកព្រឹត្តិការណ៍ “សប្តាហ៍អាកាសធាតុ” ប្រចាំឆ្នាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments