ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថា កិច្ចប្រជុំកំពូលលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះប៉ុន្តែថា ទីតាំងនៃកិច្ចប្រជុំមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅអង្គការសហប្រជាជាតិ លោក ត្រាំ បាននិយាយថា “លោកប្រធាន គីម ពិតជាបើកចំហហើយអស្ចារ្យណាស់។ ខ្ញុំគិតថា គាត់ចង់ឃើញអ្វីមួយកើតឡើង”។
លោក មូន បានជួបជាមួយលោក គីម ជាលើកទីបីកាលពីសប្តាហ៍មុន។ លោកបាននិយាយថាលោកបានពាំនាំសារផ្ទាល់ខ្លួនមួយពីមេដឹកនាំកូរ៉េខាងជើងទៅកាន់លោក ត្រាំ ដែលនិយាយថា គាត់សង្ឃឹមថានឹងជួបជាមួយប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ។
លោក ត្រាំ និងលោក គីម បានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនកាលពីថ្ងៃទី១២ខែមិថុនាហើយលោក ត្រាំ បានចាប់អារម្មណ៍លើកិច្ចប្រជុំលើកទី២បើទោះបីជាមន្ត្រីអាមេរិកនិងអ្នកវិភាគមួយចំនួនធំនិយាយថា ក្រុងព្យុងយ៉ាងមិនទាន់បានបង្ហាញថា ខ្លួនត្រៀមបោះបង់ចោលអាវុធនុយក្លេអ៊ែរដែលគំរាមកំហែងដល់សហរដ្ឋអាមេរិកក៏ដោយ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកសង្ឃឹមថានឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងម្តងទៀតមុនចុងឆ្នាំនេះដើម្បីធ្វើការត្រៀមលក្ខណៈចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលជាលើកទីពីរដែលលោកបានថ្លែងថា លោកមានទំនុកចិត្តថាវានឹងកើតឡើង។
លោក Pompeo បាននិយាយថា លោកមានសុទិដ្ឋិនិយមថា លោក គីម នឹងផ្តល់នូវការសន្យារបស់លោកក្នុងការរំសាយអាវុធនុយក្លេអ៊ែរប៉ុន្តែរឿងនេះត្រូវការពេលវេលា។
គួរបញ្ជាក់ថា នៅឯជំនួបកាលពីសប្តាហ៍មុនជាមួយលោក មូន, លោក គីម បានសន្យាថានឹងរុះរើទីតាំងមីស៊ីលនិងបរិវេណនុយក្លេអ៊ែរប្រសិនបើសហរដ្ឋអាមេរិកចាត់វិធានការសមស្រប៕ REUTERS
Source: Kampuchea Thmey Daily
0 Comments