សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានរកឃើញភស្តុតាងនៃអំពើហិង្សាជាប្រព័ន្ធដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដោយរួមមានទាំងការសម្លាប់រង្គាលនិងការចាប់រំលោភផងដែរ។
ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍នេះខណៈដែលសហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់មូលនិធិថ្មីចំនួន១៨៥លានដុល្លារអាមេរិកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងអំឡុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិស្តីពីបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ការសិក្សារបស់ក្រសួងការបរទេសដែលផ្អែកលើបទសម្ភាសកាលពីខែមេសាជាមួយជនជាតិ រ៉ូហ៊ីងយ៉ាពេញវ័យចំនួន១,០២៤នាក់ដែលបានភៀសខ្លួនទៅប្រទេសបង់ក្លាដែសនៅជិតខាងគឺបានអះអាងដូចទៅនឹងរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស។
របាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេតនិងស្រាវជ្រាវនៃក្រសួងការបរទេសបានឲ្យដឹងថា “ការស្ទង់មតិបានបង្ហាញថា អំពើហិង្សានាពេលថ្មីៗនៅរដ្ឋ Rakhine ភាគខាងជើងគឺមានលក្ខណៈធំធេងហើយវាហាក់ដូចជាមានទិសដៅឆ្ពោះទៅរកការធ្វើឲ្យប្រជាជនភ័យរន្ធត់និងការបណ្តេញជនជាតិរ៉ូហ៊ីងយ៉ា”។
របាយការណ៍ដដែលនេះបាននិយាយថា “វិសាលភាពនិងទំហំនៃប្រតិបត្តិការយោធាបានបង្ហាញថា ពួកគេត្រូវបានរៀបចំយ៉ាងល្អនិងមានការសម្របសម្រួល”។
របាយការណ៍បន្តថា “នៅក្នុងតំបន់ខ្លះ ជនល្មើសបានប្រើយុទ្ធសាស្ត្រដែលនាំឲ្យមានការស្លាប់និងរបួសមនុស្សយ៉ាងច្រើនដូចជាការចាក់សោមនុស្សនៅក្នុងផ្ទះដើម្បីដុតពួកគេ ព័ទ្ធជុំវិញភូមិមុនពេលបាញ់សំដៅទៅហ្វូងមនុស្សឬពន្លិចទូកដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់”។
របាយការណ៍នេះបានឲ្យដឹងទៀតថា ជនភៀសខ្លួនដែលត្រូវបានសម្ភាសប្រមាណ៨២ភាគរយគឺបានឃើញការសម្លាប់ផ្ទាល់ភ្នែកហើយ៥១ភាគរយទៀតបានរាយការណ៍ពីអំពើហិង្សាផ្លូវភេទ។
គួរបញ្ជាក់ថា អំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ឬគេស្គាល់កាលពីអតីតកាលថា “ភូមា” បានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសនេះបានផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ៕ AFP
Source: Kampuchea Thmey Daily
0 Comments