Ad Code

លោក ហ៊ុន ម៉ា​ណែ​ត​ ៖​ UNTAC ប្រើ​ថវិកា​អស់​រាប់ពាន់​លាន​ដុល្លា មិនអាច​ស្វែងរក​សុខ​សន្តិភាព​ពេញលេញ​ជូន​កម្ពុជា​ទេ



តាកែវ​ ៖ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​ដងទង់ និង​សមិទ្ធផល​នានា​នៅ​វត្តភ្នំ​ដា ស្ថិតក្នុង​ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ កាលពី​ថ្ងៃ​ច័ន្ទ ទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨។

មាន​ប្រសាសន៍​នៅក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា នេះ​គឺជា​មោទនភាព​ដែល​សមិទ្ធផល​ទាំងអស់នេះ ត្រូវបាន​សម្ពោធ​ក្នុងនាម​តំណាង​សម្ដេច​តេ​ជោ នា​ពេល​នេះ​ គឺជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ និង​ប្រជាពលរដ្ឋ​នៅ​ទីជិត​ឆ្ងាយ​ផងដែរ​។ នៅមាន​សមិទ្ធផល​ជាច្រើន​ទៀត ដែល​បាន​កសាង និង​សម្ពោធ​នៅក្នុង​ប្រទេស ជាពិសេស​នៅក្នុង​ខេត្តតាកែវ​។ យើង​អបអរសាទរ​សមិទ្ធផល​របស់​ជាតិខ្មែរ ដែល​យើង​ជា​ខ្មែរ​បាន​រួម​គ្នា​កសាង​ឡើង ដើម្បី​ទុក​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​ជំនាន់​ក្រោយ ជាពិសេស​នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នេះ​តែម្ដង។

ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​ទាំងអស់​ដែល​បាន​រួមគ្នា​កសាង​សមិទ្ធផល​នេះ​ឡើង​។ យើង​ផ្ដោត​សំខាន់​លើ​ការ​កសាង​វត្ត​អារាម សាលារៀន ផ្លូវថ្នល់ ដើម្បីអោយ​កូនចៅ​មានឱកាស​រៀនសូត្រ​មានការ​ងារ​ធ្វើ​កុំ​ឲ្យ​លំបាក​ដូច​ជំនាន់​មុន។ ដូច្នេះ​ការចូលរួម និង​ការ​កៀងគរ​សប្បុរសជន គឺ​សំខាន់​ណាស់ បើ​មិន​មាន​ការ​ខិតខំ​ពី​សំណាក់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ និង​ការចូលរួម​ពី​សប្បុរសជន​នោះទេ មិន​មាន​ការ​រីកចម្រើន​នោះ​ឡើយ​។ នេះ​ជា​ការ​ចែករំលែក​ប្រកបដោយ​ទឹកចិត្ត លទ្ធភាព និង​សុខសន្តិភាព។

តាម​លោក ហ៊ុន ម៉ា​ណែ​ត ជា​មោទនភាព​របស់​យើង មានតែ​សម័យ​តេ​ជោ​ទេ ដែល​យើង​មាន​សុខសន្តិភាព រួបរួមគ្នា ធ្វើឱ្យ​យើង​សប្បាយ យើង​មាន​មោទនភាព​ជាតិ​ជា​ខ្មែរ យើង​លែងចេញ​ទៅណា គេ​មើលងាយ​ជា​អ្នក​ច្បាំង​គ្នាឯង​ទៀតហើយ យើង​ក្លាយជា​ពូជ​អ្នក​ចម្បាំង​ការពារ​ទឹកដី​មិន​ឲ្យ​នរណា​មក​មើលងាយ​បានទេ យើង​ផ្សះផ្សា​ជាតិ​ដោយ​ខ្លួនឯង គ្មាន​បរទេស​ណា​មក​លូកដៃ​ទេ។

UNTAC ប្រើ​ថវិកា​អស់​រាប់ពាន់​លាន មិនអាច​ស្វែងរក​សុខ​សន្តិភាព​ពេញលេញ​នោះទេ ខ្មែរ​ទើបតែ​ទទួលបាន​សុខសន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដោយសារ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ធ្វើឱ្យមាន​សុខសន្តិភាព​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​នេះហើយ​បានបញ្ចប់​សង្គ្រាម​រយៈពេល​ជាង​៥០០​ឆ្នាំ។ នៅក្នុង​ផ្លូវធម៌​បញ្ជាក់ថា ភាព​អំណត់ សច្ចធម៌ ការខិតខំ​ធ្វើអំពើ​ល្អ នឹង​ហើយ​គឺជា​ជោគជ័យ​។

គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ជោគជ័យ បានបញ្ចប់​សង្គ្រាម​នៅក្នុង​រយៈពេល​២០​ឆ្នាំនេះ ដោយ​មិន​មានការ​សងសឹក យើង​បាន​រំងាប់​មិនឱ្យ​មានការ​សងសឹក បើ​យើង​នៅតែ​សងសឹក​គ្នា តើ​ថ្ងៃ​ណា​យើង​ចប់​។ មនុស្ស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ហៅ​មក​ធ្វើការ​ជាមួយគ្នា រួមមាន​អតីត​ខ្មែរក្រហម ប៉ុន្តែ​សម្តេច​មិនដែល​ចងពៀរ​នោះទេ គឺ​ចូលមក​ធ្វើការ​ជាមួយគ្នា គណបក្ស​ណាក៏ដោយ​មក​ធ្វើការ​ជាមួយគ្នា មិន​រើសអើង​នរណា​ទាំងអស់ នឹង​ហើយ​យើង​ធ្វើបុណ្យ យើង​រួបរួមគ្នា យើង​ជោគជ័យ បាន​យើង​មាន​សុខសន្តិភាព សុខ​សប្បាយ​មកដល់​ថ្ងៃនេះ។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ​បាន​ទៅ​បោះឆ្នោត នេះ​បានន័យថា​ម៉េច​? បានន័យថា ប្រជាពលរដ្ឋ​បាន​យល់​អំពី​តម្លៃ​នៃ​សិទ្ធិ​របស់ខ្លួន ដើម្បី​សេចក្តី​សុខសន្តិភាព និង​ខ្លួន​មានឱកាស​បន្ត​ជីវភាព​រស់នៅ​បន្តទៅទៀត​។ ប្រជាពលរដ្ឋ​មានការ​ធុញទ្រាន់​ណាស់ ពេល​ក្រោយ​បោះឆ្នោត​ម្ដងៗ​ធ្វើ​អ្វី​មិន​ចេញ បាតុកម្ម​ប្រើ​ហិង្សា ប៉ុន្តែ​សារ​របស់​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បីដូច​ជា​ការ​ទះកំផ្លៀង​គណបក្សប្រឆាំង​និង​អ្នកនយោបាយ​មួយចំនួន​ដែល​ចង់​បំផ្លាញ​សុខ​សន្តិភាព បំផ្លាញ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ៕

 


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu