ភ្នំពេញ ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គឺជាខួប២០ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍នោះ បានកើតឡើងនៅវេលាម៉ោង៨ និង៥២នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលពេលនោះ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវទេ ហើយបានហោះទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវ ធ្វើអោយប្រជាពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
ទាក់ទងបញ្ហានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំលឹកពីការប៉ុនប៉ងធ្វើឃាតនោះ ដោយលោកបានអះអាងថា ពេលនោះលោកស្ថិតនៅក្នុងព្រឹត្តិការណ៍ ហើយពិតសំណាងណាស់ ដោយសារតែទេវតាជួយ បើមិនដូច្នេះទេ សម្តេចពិតជាខ្ទេចគ្មានសល់អីទេ ពីព្រោះរថយន្តរបស់សម្តេចជិះនាពេលនោះ ជារថយន្ត Land Cruiser ធម្មតា អត់មានពាសដែកទេ។
លោក ខៀវ កាញារីទ្ធ បានរៀបរាប់យ៉ាងនេះថា ខ្ញុំសូមអនុញ្ញាតរំលឹករឿងនេះ ព្រោះកាលនោះខ្ញុំនៅជាប់នឹងការងារនេះ។ ហើយបើនិយាយរឿងនេះ ខ្ញុំនៅតែព្រឺព្រួចនឹកឃើញសំដីលោក ជីវតាក្វាន់ ពេលដែលលោកមកប្រទេសខ្មែរសម័យអង្គរ។ ពិតមែនតែសម័យលោក ជីវតាក្វាន់ មកដល់ស្រុកខ្មែរ ប្រទេសយើងចាប់ផ្តើមទន់ខ្សោយខ្លះហើយក្តី ក៏ប៉ុន្តែចំណុចមួយដែលលោក ជីវតាក្វាន់ កត់សំគាល់គឺ “ទេវតារក្សាស្រុកនេះខ្លាំងពូកែណាស់”។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃដែលសម្តេចឪកំណត់ជាថ្ងៃគណបក្ស ដែលបានទទួលអាសនៈក្នុងសភាចូលប្រជុំនៅសៀមរាបនិងទៅស្បថនៅមុខអង្គរ។ យើងត្រូវទៅជួបជុំគ្នានៅសៀមរាបតាំងពីថ្ងៃទី២៣ ខែកញ្ញា (សម័យនោះ មិនមានជើងយន្តហោះច្រើនទេ ហើយផ្លូវមិនមានសុវត្ថិភាព១០០% ដូចពេលនេះដែរ)។ នៅរសៀលថ្ងៃទី២៣ សម្តេចតេជោ នឹងមកដល់ជុំជាមួយពួកយើងដែលសំរាកនៅសណ្ឋាគារលោក សៀង ណាំ។ តែនៅយប់ថ្ងៃទី២២ កញ្ញា សម្តេចបានយល់សប្តិឃើញព្រលឹងម្តាយរបស់លោកមកប្រាប់ថា បើទៅសៀមរាបត្រូវទៅដុតធូបសុំសុខនៅវត្តព្រះអង្គខ្មៅ។ សម្តេចអត់ស្គាល់វត្តព្រះអង្គខ្មៅនៅឯណាទេ។ លុះព្រឹកថ្ងៃទី២៣ លោកបានអោយគេសួរទើបដឹងថា វត្តព្រះអង្គខ្មៅនេះនៅក្នុងអង្គរធំ តាមផ្លូវទៅប្រាសាទបាយ័នតែម្តង។ នៅរសៀលថ្ងៃទី២៣ នោះ សម្តេចនិងសមាជិកជាប់ឆ្នោតជាសភានៃគណបក្សប្រជាជនទាំងអស់បានជិះរថយន្តក្រុងរួមគ្នាមួយ (រួមទាំងខ្ញុំផង) ទៅវត្តព្រះអង្គខ្មៅ។ ក្រុមអភិរក្សអង្គរបានអោយដឹងថា ហេតុបានជាវត្តនេះ មាននាមវត្តព្រះអង្គខ្មៅយ៉ាងនេះ ដោយក្នុងសម័យសង្គ្រាមសាសនាក្រោយអង្គរ រវាងព្រហ្មញ្ញ និងពុទ្ធសាសនា គេបានដុតវត្តនេះរោលរាលទាំងព្រះបដិមាព្រះពុទ្ធឡើងខ្មៅអ៊ូញ ទើបគេអោយឈ្មោះវត្តនេះរហូតមក។
តាមលោក ខៀវ កាញារីទ្ធ ក្រោយពីធ្វើការបន់ស្រន់ហើយ សម្តេចបានចាក់គម្ពីរ ត្រូវត្រង់ព្រះពោធិសត្វប្រសូតនៅក្នុងរាជវង្ស តែព្រះអង្គមិនមានបន្ទូលអីទាំងអស់ ដូចជាគថ្លង់ រហូតដល់ព្រះបីតាទ្រាំលែងបានបញ្ជាអោយយកទៅសំលាប់ចោល តែមិនសុគត ។ គម្ពីរបានចែងថា “មានការលំបាកមុន តែចុងក្រោយល្អណាស់” ។ សម្តេចតេជោ បានមើលឃើញការប្រជុំនៅថ្ងៃស្អែកទី២៤ កញ្ញា គឺមានន័យដូចគម្ពីរថា “ដល់ក្រោយល្អណាស់” នោះឯង ។ នៅក្នុងរថយន្តសម្តេចសួរថា “អ្នកណាចង់ទៅណា ទាន់អញមានលុយ ?” (សម្តេចតែងមានទំលាប់និយាយជាមួយពួកខ្ញុំអញ) ខ្ញុំបានតបថា “បងជានាយករដ្ឋមន្ត្រី នៅតែមួយកន្លែងទៅ លុយទុកអោយខ្ញុំដើរចាយវិញ”។ នៅយប់នេះ ចាប់ពីពេលអធ្រាត្រទៅ ស្រាប់តែមានភ្លៀងធ្លាក់ជោកជាំរហូតដល់ភ្លឺ គឺភ្លៀងនោះហើយដែលបានជួយសង្គ្រោះជីវិតសម្តេចតេជោ។
លោក ខៀវ កាញារីទ្ធ រៀបរាបទៀតថា ភ្លៀងធ្លាក់ជោកជាំរហូតដល់ម៉ោង៦ព្រឹក ទើបដាច់។ ខ្ញុំក៏ចេញទៅស្រស់ស្រូបនៅភោជនីយដ្ឋាន “បន្ទាយស្រី” ដោយយកក្រុមអង្គរក្សផ្ទាល់របស់សម្តេចស្ទើរទាំងអស់ទៅជាមួយ (ខ្ញុំចាំថា នៅព្រឹកនោះ អស់៩០ដុល្លារ) ។ ស្រស់ស្រូបស្ទើរមិនទាន់ចប់ផង ភ្លៀងចាប់ផ្តើមបង្អុរយ៉ាងខ្លាំងមកទៀត (នៅម៉ោងជិត៧)។ ពួកយើងប្រញាប់រូតរះមកសណ្ឋាគារវិញ ហើយចាប់ផ្តើមស្លៀកក្បិន (មានក្រុមខាងវិចិត្រសិល្បៈមកពីភ្នំពេញជួយចងក្បិនយើង) ។ តាមការរៀបចំ សម្តេចត្រូវទៅដល់ព្រះរាជដំណាក់មុនគេ ហេតុនេះយើងត្រូវចេញមុនគណបក្សនានា (មុនទាំងសម្តេច ជា ស៊ីម ជាប្រធានបក្សទៅទៀត) ។ សម្តេចជិះរថយន្តទី២ បន្ទាប់ពីឡាននាំមុខ ហើយឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជិះរថយន្តតូចបន្ត។ ពួកខ្ញុំជិះឡាន មីនីវ៉ាន់ បន្តពីក្រោយឡានតូច។ ដោយខ្ញុំចង់ថតរូបបានល្អផង ខ្ញុំក៏ទៅអង្គុយមុខគេជាប់អ្នកបើកឡាន (ឡានចង្កូតស្តាំកាលនោះ) ហេតុនេះខ្ញុំអង្គុយខ្ពស់ជាងឡានតូចៗដែលនៅមុខ ។ យើងអង្គុយជជែកគ្នាសើចលេងពេញរថយន្ត ស្រាប់តែឮសូរក្ឌាំង ។ ខ្ញុំសំលឹងមើលទៅមុខ ឃើញផ្សែងខៀវពណ៌ពងក្រសារមួយដុំក្រាស់នៅខាងស្តាំដៃ តែមិនដឹងមានរឿងអីទេ។ អង្គរក្សនៅអង្គុយជាមួយសម្តេចប្រាប់ខ្ញុំថា នៅពេលនោះសម្តេចកំពុងអោនជូតវ៉ែនតា ហើយបន្ទាប់ពីនោះភ្លាម លោកសួរថា មានអីគេណឹង ? ទាំងអស់គ្នា អត់ដឹងថា ជាអីទាំងអស់ (ព្រោះគ្មានអ្នកណាមើលឃើញគ្រាប់រត់កាត់ពីលើកាប៉ូឡានទាន់ទេ) ហើយក្បួនចេះតែបន្តដំណើរទៅ ។ ពេលឡានខ្ញុំមកដល់កន្លែងបាញ់នេះ ក៏អត់ចាប់ភ្លឹកអីដែរ ព្រោះមិនបានមើលទៅផ្ទះ ដែលខូចខាតនៅឆ្វេងដៃ (ហើយបើឃើញខូចខាត ក៏មិនចាប់អារម្មណ៍ដែរ ព្រោះសម័យនោះមិនមានផ្ទះថ្មីទេ)។ ដោយឃើញម្តុំនោះ មានកន្លែងប៉ះកង់ជាច្រើនរួមទាំងបំពង់ខ្យល់ផង ខ្ញុំក៏គិតថា ជាការផ្ទុះបំពង់ខ្យល់ ហើយក៏និយាយលេងប្រាប់គ្នាថា “ពីសម័យមុន តែផ្ទុះបែបនេះច្បាស់ជាកំបុតកហើយ”។ ក្បួនយើងទៅដល់ព្រះរាជដំណាក់ ដោយមានការទទួលតាមពិធីការ ហើយពួកយើងជាសមាជិកគណបក្សប្រជាជនត្រូវគេដាក់អោយអង្គុយតាមកន្លែងទៅតាមអាយុ។ សម្តេច សខេង មានអាយុស្មើខ្ញុំ ហេតុនេះនៅអង្គុយជាប់ជាមួយខ្ញុំ។
លោក ខៀវ កាញារីទ្ធ លើកឡើងទៀតថា ក្នុងសម័យប្រជុំទីមួយសភា ប្រធានបក្សនានា ដែលមានអាសនៈក្នុងសភា អង្គុយកៅអីជួរមុខទាំងអស់គ្នា។ នៅពេលនោះ ទើបសម្តេច ស ខេង (នៅជារដ្ឋមន្ត្រីមហាផ្ទៃ) បានទទួលទូរសព្ទមកថា មានការបង្កៃគ្រាប់បេ៤០ បួនគ្រាប់លាក់ក្នុងគុម្ពផ្កាក្រដាសអមផ្លូវ ហើយបញ្ជាដោយប្រព័ន្ធទូរសព្ទចល័ត។ សំណាងដោយសារយប់នោះ មានភ្លៀងធ្វើអោយសើមប្រព័ន្ធតខ្សែទើប ផ្ទុះតែមួយគ្រាប់ខាងដើម បើផ្ទុះទាំង៤គ្រាប់ សម្តេចតេជោគ្មានសល់អីទេ (រថយន្តលោកជិះជារថយន្ត Land Cruiser ធម្មតាមិនមែនពាសដែកទេ)។ នៅក្នុងសម័យនោះ បញ្ឆិតទល់មុខកន្លែងបង្កៃគ្រាប់ គឺជារង្គសាលដែលមានរាំរែករហូតជិតភ្លឺ ហើយកន្លែងទល់មុខ រួមទាំងកន្លែងបង្កៃគ្រាប់ (នៅឆ្ងាយពីគេបន្តិច) ជាកន្លែងដែលតែងមានអ្នកម៉ូតូឌុបនៅរង់ចាំភ្ញៀវ ហេតុនេះពួកគេអាចសំងំបង្កៃគ្រាប់បាន។ សម្តេច ស ខេង អោយខ្ញុំទៅរាយការណ៍ជូនសម្តេចនៅជួរមុខ។ សម្តេចនៅស្ងៀម។ ខ្ញុំក៏ត្រលប់មកអង្គុយវិញ។ បន្តិចមកទៀត ក្រុមសន្តិសុខ បានលើកសំនួរមួយទៀត។ នោះគឺថា តើសម្តេចគួរបន្តទៅស្បថនៅអង្គរវត្តទេ ? (តាមផ្លូវទៅអង្គរវត្តសុទ្ធតែព្រៃក្រាស់ មិនដូចពេលនេះទេ) ព្រោះមិនបានត្រៀមមានបញ្ហានេះកើតឡើង ពោលគឺត្រៀមកំឡាំងសន្តិសុខ (តែបើមិនទៅស្បថ គឺមិនពេញសិទ្ធិជាតំណាងរាស្ត្រទេ) ។ សម្តេច ស ខេង អោយខ្ញុំទៅសួរសម្តេចតេជោម្តងទៀត។ ខ្ញុំដើរទៅសួរសម្តេចតេជោ ជាលើកទី២ ។ សម្តេចគិតមួយសន្ទុះ ទើបមានប្រសាសន៍ថា “ទៅ” រួចសម្តេចពន្យល់ខ្ញុំថា “នៅពេលបាញ់ទីមួយ គេអាចធ្វើបានព្រោះគេកំនត់ម៉ោងអោយយើងដើរ តែពេលទៅស្បថអត់មានកំនត់ថា អ្នកណាទៅមុន ទៅក្រោយទេ ហេតុនេះលទ្ធភាព ចុងក្រោយ ខ្ញុំដើរទៅសួរសម្តេចតេជោ ជាលើកទី២។ សម្តេចគិតមួយសន្ទុះ ទើបមានប្រសាសន៍ថា “ទៅ” រួចសម្តេចពន្យល់ខ្ញុំថា “នៅពេលបាញ់ទីមួយ គេអាចធ្វើបាន ព្រោះគេកំនត់ម៉ោងអោយយើងដើរ តែពេលទៅស្បថអត់មានកំនត់ថាអ្នកណាទៅមុនទៅក្រោយទេ ហេតុនេះលទ្ធភាពវាយប្រហារមានតិចបំផុត” ។ សម្តេចពិតជាមេទ័ពពូកែមែន។ យើងក៏បានចេញទៅស្បថដោយសុវត្ថិភាព។ នៅពេលត្រលប់មកពីស្បថ យើងមកសណ្ឋាគារវិញ ពេលនោះទើបដំណឹងពីរឿងគ្រាប់បង្កៃនេះ បានចាប់ផ្តើមសាយភាយ។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា នៅម៉ោងបាយ សម្តេចបានហៅខ្ញុំទៅជួបនៅក្នុងបន្ទប់សំរាករបស់លោក។ យើងនៅតែពីរនាក់។ អ្វីដែលខ្ញុំចាំជាងគេ គឺម្ហូបសម្លបែបខ្មែរ មួយថាស ក្នុងនោះមានកូនចានដាក់ទឹកត្រីសុទ្ធមួយ ហើយសម្តេចអង្គុយសំលឹងជ្រប់មើលសម្លនេះ ។ នៅពេលដែលសម្តេចសំលឹងមើលខ្ញុំៗគិតថា បើលោកស្រក់ទឹកភ្នែក គឺពិតជាតំណក់ឈាមហើយ។ លោកមិនមែនក្តៅក្រហាយរឿងគេប៉ងសម្លាប់លោកទេ តែគឺលោកឈឺចិត្ត ដែលលោកបានប្រឹងប្រែងអោយចេញជាសភារួច និយាយគ្នារកសុខអោយខ្មែរ តែទីបំផុតបែរជាប៉ុនប៉ងសំលាប់លោកទៅវិញ។ នេះជាទឹកមុខដែលខ្ញុំចាំរហូត៕
Source: Kampuchea Thmey Daily
0 Comments