បាត់ដំបង ៖ ស្បៃមងរាប់ពាន់ម៉ែត្រ ដែលកម្លាំងចម្រុះ ដឹកនាំដោយលោកអភិបាលស្រុក បានធ្វើការដកហូត និងដុតបំផ្លាញចោល នៅក្នុងចំណោមបទល្មើសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកម្លាំងជំនាញដេកលក់អត់ចាប់អារម្មណ៍ ទុកបណ្តោយអោយបទល្មើសកាន់តែកើនឡើងឥតស្រាកស្រាន្ត។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៨ ដែលក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថស្រុក ចំនួន ៤ នាក់ អាជ្ញាធរ មូលដ្ឋានមួយចំនួន និង ក្រុមការងាររបស់ គណៈបញ្ជាការ កងឯកភាពស្រុកឯកភ្នំ ដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រយក ឯកភ្នំ ផងដែរ។
នៅក្នុងពេលនោះដែរ កម្លាំងបានចុះទៅកាន់ចំណុច (អតីតឡូតិ៍លេខ២) ស្ថិតក្នុងភូមិ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផល កម្លាំងបានដកហូតសាច់មងប្រវែង ២៦០០ ម៉ែត្រ ឡុកចាប់ត្រី ចំនួន ៨ កន្លែង បង្គោល ចំនួន ១៣០០ ដើមព្រមទាំងបានលែងកូនត្រី ទម្ងន់ ១០០ គីឡូក្រាម ថែមទៀតផង ដោយវត្ថុតាងបទល្មើសទាំងនេះ ត្រូវបានកម្លាំងធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង។
គួរបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការនេះ គឺបង្ក្រាបបទល្មើសបានតែមួយចម្រៀកតូចតែប៉ុណ្ណោះ ចំណែកបទល្មើសដែលនៅសេសសល់ គឺកម្លាំងជំនាញរដ្ឋបាលជលផល មិនបានមើលឃើញនោះទេ ដែលទំនងជាត្រូវដង ត្រូវផ្លែគ្នាយ៉ាងដូច្នេះដែរ ព្រោះគេមិនដែលឃើញលោក នាយខណ្ឌ ជួង សុភា ដឹកនាំបង្ក្រាបម្តងណាឡើយ ទុកអោយបទល្មើសកើតឡើងយ៉ាងពេញបន្ទុក លើផ្ទៃបឹងទន្លេសាប៕
Source: Kampuchea Thmey Daily
0 Comments