Ad Code

ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​TV5 Knock Out ​៖​ លាភ រដ្ឋា ជួប ឡុង រ៉ា​មី ឯ​លិញ ភារ​ម្យ ជួប លន បញ្ញា



ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ជើងឯក​TV5 Boxing Knock Out Series by K. Cement ទម្ងន់​៦០​គីឡូក្រាម បាន​ឈាន​មកដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ នា​យប់​ថ្ងៃ​សៅ​រិ៍​ទី​២៩​កញ្ញា​២០១៨​ខាងមុខនេះ នៅលើ​សង្វៀន​TV5 ព្រែក​កំពឹស។

សម្រាប់​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡុង រ៉ា​មី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ហើយ​មួយគូ​ទៀត​នោះ លិញ ភា​រម្យ​អ្នក​ប្រដាល់​ក្លិប​ភា​រម្យ​ភក្តី ជួប​ជាមួយ លន បញ្ញា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ។

រវាង​លាភ រដ្ឋា និង ឡុង រ៉ា​មី នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក​។ ប៉ុន្តែ​យ៉ាងណា ក្រុមអ្នកវិភាគ​ប្រដាល់​បាន​អះអាងថា សម្រាប់​ការជួបគ្នា​នេះ​ឡុង រ៉ា​មី ប្រហែលជា​មិនអាច​ឈ្នះ​លាភ រដ្ឋា នោះទេ។

លាភ រដ្ឋា ប្រកួត​ជម្រុះ​បី​លើក​កន្លងមក គេ​វាយ​ឈ្នះ​ចាន់ រក្សា ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ឈ្នះ​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ និង​ឈ្នះ​កំពែង ខ្មៅ សមាគម​កីឡា​ក្រសួងកសិកម្ម ដោយ​ពិន្ទុ។​

ឡុង រ៉ា​មី គេ​មាន​កាយសម្បទា​រឹងមាំ ខ្ពស់ជាង​លាភ រដ្ឋា តែ​គេ​មាន​ទម្ងន់ដៃ​ស្រាល​ជាង​លាភ រដ្ឋា​ទេ។ ក្នុងការ​ប្រកួត​ជម្រុះ​៣​លើក​កន្លងមក ឡុង រ៉ា​មី គេ​វាយ​ឈ្នះ​លី តឿន ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ ឈ្នះ​ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ និង​ឈ្នះ​វុត្ថា លាន់​លិញ ក្លិប​អង្គរ​ធំគុន​ខ្មែរ​ដោយ​ពិន្ទុ ។​

ទោះជា​យ៉ាងណា លាភ រដ្ឋា ក៏​ពិបាក​ជាមួយ​ឡុង រ៉ា​មី ដែរ ព្រោះ​រ៉ា​មី​គេ​ខ្ពស់​មានចិត្ត​ប្រដាល់​ធំ ស៊ូ​ចំពោះ​ការប្រកួត និង​ហ៊ាន​ប្តូរ​ថែមទៀត ។ ដូច្នេះ ចាំមើល​រវាង​លាភ រដ្ឋា និង ឡុង រ៉ា​មីនេះ តើន​រណា​ជា​អ្នកឈ្នះ ?។

ចំណែក​ការជួប​ប្រកួត​រវាង​លិញ ភារ​ម្យ និង លន បញ្ញា វិញ​នោះ គូ​នេះ​ក៏​ពិបាក​ទស្សន៍ទាយ​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ដែរ ដោយសារ​ភារ​ម្យ និង បញ្ញា សុទ្ធតែ​វាយ​ខ្លាំង​ដូចគ្នា គ្រាន់តែ​សមត្ថភាព​បច្ចេកទេស​របស់​បញ្ញា​ល្អ​ជាង។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។​
​តែ​យ៉ាងណា លន បញ្ញា គេ​មានប្រៀប​លើ​លិញ ភារ​ម្យ ត្រង់​គេ​មាន​កម្ពស់​ខ្ពស់ជាង ។ ក្នុង​ជម្រុះ​៣​លើក​កន្លងមក លន បញ្ញា វាយ​ឈ្នះ​នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ដោយ​ពិន្ទុ ឈ្នះ​ជើងចាស់​សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ និង​ឈ្នះ​ម៉ឺន មេ​ឃា ក្លិប​មនោ​រម្យ​ភ្នំ​តូច​ដោយ​ពិន្ទុ។

យ៉ាងណា ទោះបីថា បញ្ញា​មានប្រៀប​ឈ្នះ​យ៉ាង​នេះហើយ​ក៏ដោយ ក៏​គេ​មិនអាច​មើលស្រាល​លិញ ភារ​ម្យ បានដែរ ។ លិញ ភារ​ម្យ ប្រកួត​ជម្រុះ​៣​លើក​កន្លងមក គេ​វាយ​ឈ្នះ​ប៉ូ វ៉ាន់​សក្តិ ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប​ក្នុង​ទឹក​ទី​២ , ឈ្នះ​កូយ ឡាយ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ និង​ឈ្នះ​ពុទ្ធ​សំបូរ ក្លិប​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ។​

ចាំមើល រវាង​លន បញ្ញា និង លិញ ភារ​ម្យ ជួបគ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ តើន​រណា​ជា​អ្នកឈ្នះ អ្នកណា​ចាញ់​នោះ ? ។​

គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Boxing Knock Out Series by K. Cement​ទម្ងន់​៦០​គីឡូក្រាម​នេះ អ្នក​ដែល​ទទួលបាន​តំណែង​ជើងឯក​នោះ ក្រៅពី​ពាន ជើងឯក នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៤.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២ បាន​២.០០០​ដុល្លារ និង លេខ​៣ បាន​៧៥០​ដុល្លារ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu