Ad Code

រថយន្ត​ដឹក​សំរាម​៣​គ្រឿង​ របស់​លោក​ជា គួ​ង ត្រូវ​ប្រជាពលរដ្ឋ​បិទផ្លូវ មិន​ឲ្យ​ចូល​ទៅ​ចាក់​សំរាម



រតនគិរី​ ៖​ ពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់ បាននាំគ្នា​ទៅ​បិទផ្លូវ មិន​ឲ្យ​រថយន្ត​ចំនួន​៣​គ្រឿង ដឹក​សំរាម​របស់​ក្រុមហ៊ុន​គឹម ជ្រា លោក​ជា គួ​ង ទៅ​ចាក់សំរាម​ចោល ដោយសារ​ក្រុមហ៊ុន​នេះ បាន​ចាក់សំរាម​នៅ​កណ្តាលផ្លូវ​របស់​ពួកគាត់ ដែល​ធ្វើដំណើរ​ទៅមក​អាស្រ័យ​ផល​នោះ ទាល់តែ​ក្រុមហ៊ុន​ជា គួ​ង រក​កន្លែង​ចាក់សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ពួក​គាត់​បើកផ្លូវ​ឲ្យ​ទៅបាន បើ​មិន​ដូច្នោះ​ទេ ពួកគាត់ នឹង​បិទផ្លូវ​តែម្តង។

ជាក់ស្តែង​នៅវេលា​ម៉ោង​៣​និង​៤៨​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​​ នៅត្រង់ចំណុច​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មាន​ប្រជាពលរដ្ឋ​ជាង​២០​នាក់ បានធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​ចូល​បាន​នោះឡើយ។

នៅ​ក្នុង​នោះ​ដែរ មាន​លោក​ចៅ​សង្កាត់​រង​កា​ចាញ កម្លាំង​នគរបាល​ប៉ុស្តិ៍​កាចា​ញ កម្លាំង​នគរបាល​ខេត្ត កម្លាំង​បរិស្ថាន​ខេត្ត និង​កម្លាំង​ប៉េអឹម​ក្រុង​បាន​លុង ចុះមក​អន្តរាគមន៍ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ណាមួយ​នោះ។

លោក សឿង សាង​វាសនា ចៅសង្កាត់រង​កាចា​ញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ថា រថយន្ត​ដឹក​សំរាម​៣​គ្រឿង​របស់លោក ជា គួ​ង បាន​បក​ក្រោយ​វិញ​ហើយ ហើយ​ទាល់តែ​រក​ដំណោះស្រាយ​សិន ទើបបាន​ឲ្យ​ទៅ​ចាក់សំរាម​បាន មិនមែន​ឲ្យ​ទៅ​ចាក់សំរាម​នៅ​កណ្តាលផ្លូវ​នោះទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​បរិស្ថាន។

លោក ជា គួ​ង ក្រុមហ៊ុន គឹម ជ្រា ប្រមូល​សំរាម មិនអាច​សុំ​ការបកស្រាយ​បានទេ ដោយ​មិនមាន​លេខ​ទូរស័ព្ទ​ទាក់ទង នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨។​

ដោយឡែក​លោក អ៊ុន ស៊ី​ដេ​ត អភិបាលរងក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ដែរ​ថា រឿង​រថយន្ត​ដឹក​សំរាម​របស់​ជា គួ​ង លោក​គ្មាន​សិទ្ធិ​ហាមឃាត់​នោះទេ ដោយសារ​ផុតដៃ​គាត់​ហើយ រឿងនេះ តុលាការ​ជា​អ្នកដោះស្រាយ ។​

ប្រភព​ដោយឡែក​បាន​ឲ្យ​ដឹងថា លោក ជា គួ​ង គាត់​មាន​ខ្នងបង្អែក​អ្នកធំ​ម្នាក់​នៅឯ​ភ្នំពេញ ចឹ​ង​ហើយ​បានជា​គាត់​មិន​ខ្លាច​អ្នកណា​នោះឡើយ និង​បានធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​តែម្តង ។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​លោក​ជា គួ​ង រឿង​មិនដែល​ចេះ​ចប់ មិនចេះហើយ​សោះ ធ្វើ​ឲ្យ​មាន​បញ្ហា​ជានិច្ច​នៅក្នុង​ខេត្តរតនគិរី​នេះ ហើយ​បាន​រាំងស្ទះ​សំរាម​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង និង​នៅមុខ​ផ្សារ​បាន​លុង​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu