ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកលេខ១គូបូតាទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ នៅយប់ថ្ងៃសុក្រទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាការប្រកួតសម្រាប់សប្តាហ៍ទី៧ ដែលមានអ្នកប្រដាល់៤រូប ខ្មែរ២និងថៃ២រូប ដែលត្រូវជួបប្រកួតគ្នា។
សម្រាប់ជំនួបជុំទី៣នេះ ចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ថៃ Plangthip Por.Yuthphumi ហើយមួយគូទៀតជាការជួបគ្នារវាងប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ជួបអ្នកប្រដាល់ថៃ Kaoreanghom Pctchchinda ។
រវាង ចាន់ សាន់ និង Plangthip មិនដែលប៉ះគ្នាទេកន្លងមក ។ តែយ៉ាងណា ចាន់ សាន់ប្រហែលជាមិនពិបាកដូចកាលជំនួបលើកទី១និងលើកទី២ ជាមួយអ្នកប្រដាល់ថៃAnuntasak និង Kaoreanghorn នោះឡើយ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នារវាងចាន់ សាន់ និង Plangthip នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចមានអ្នកណាម្នាក់មើលស្រាលគ្នាបានដែរ។
Plangthip នេះ ជាអ្នកប្រដាល់ថៃមិនសូវខ្លាំងប៉ុន្មានដែរទេ ។គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានលើកដែរហើយ ដែលលទ្ធផលមានឈ្នះ មានចាញ់ ។ ការប្រកួតពីរជុំកន្លងមក Plangthip ជួបសំណាងអាក្រក់ ដោយវាយចាញ់ទាំងពីរប្រកួត ទទួលបាន២ពិន្ទុប៉ុណ្ណោះ។
ចាន់ សាន់ គេក៏ជួបសំណាងអាក្រក់ដែរ ក្នុងការឡើងប្រកួតពីរលើកកន្លងមកដោយ វាយចាញ់ទាំងពីរប្រកួតដែរ ។ហេតុនេះសម្រាប់ជំនួបលើកទី៣នេះ គេដាច់ខាតត្រូវតែយកឈ្នះ Plangthip អោយបាន ដើម្បីសន្សំពិន្ទុឡើងវិញ។
ចាន់ សាន់ ពីរប្រកួតកន្លងមកគេវាយចាញ់ទាំងពីរប្រកួត ទទួលបាន២ពិន្ទុ ។ ពេលនេះ ប៉ះជាមួយ Plangthip គេមានសង្ឃឹមឈ្នះច្រើន ព្រោះថាអ្នកប្រដាល់ថៃរូបនេះ វាយមិនសូវខ្លាំងប៉ុន្មានទេ ។
ចំពោះ ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិត្រូវជួបជាមួយអ្នកប្រដាល់ថៃ Kaoreanghom Pctchchinda ។ រវាង ប៊ុន សុធា និង Kaoreanghom មិនដែលប៉ះគ្នាទេកន្លងមក។ តែយ៉ាងណា ប៊ុន សុធា ប្រហែលជាមានការលំបាកក្នុងការយកឈ្នះអ្នកប្រដាល់ថៃរូបនេះហើយ ព្រោះថាអ្នកប្រដាល់ថៃ Kaoreanghomនេះ គេល្អនិងខ្លាំងគួរសមដែរ ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នារវាងប៊ុន សុធា និង Kaoreanghom នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចមានអ្នកណាម្នាក់មើលស្រាលគ្នាបានដែរ ។
Kaoreanghom នេះ ជាអ្នកប្រដាល់ថៃមានឈ្មោះល្បីគួរសមដែរនៅស្រុកថៃ ។គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ ក្នុងការប្រកួតពីរប្រកួតកន្លងមកនេះ គេវាយឈ្នះ១ ចាញ់១ប្រកួត មាន៤ពិន្ទុ ។
ប៊ុន សុធា អ្នកប្រដាល់វ័យក្មេងកម្ពុជា គេក៏មិនធម្មតានោះដែរ គេមានផ្លែល្អ ពិសេសកែងនិងជង្គង់ ដែលក្នុងការប្រកួតជម្រុះពីរលើកកន្លងមក គេវាយឈ្នះទាំង២ប្រកួត ទទួលបាន៦ពិន្ទុក្នុងដៃហើយ។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្តើមយកខ្សែក្រវាត់នេះ ។
អ្នកប្រដាល់ជើងខ្លាំងទាំង៥រូបរបស់កម្ពុជានោះ គឺចាន់ សាន់ ក្លិបនិរោធមានជ័យ-ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ - ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា - ប៊ុន សុធា សមាគមកីឡាក្រសួងការពារជាតិ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ ។អ្នកប្រដាល់ទាំង៥រូបនេះ សុទ្ធតែចម្រាញ់ចេញពីក្នុងចំណោមកីឡាករ៨រូប ក្នុងការប្រកួតជម្រុះកន្លងមក ។
ចំពោះអ្នកប្រដាល់ថៃវិញ មាន Anuntasak Site Phukhorngyus , Kaoreanghom Pctchchinda និង Plangthip Por.Yuthphumi ហើយអ្នកប្រដាល់ឡាវ មាន Wangngeun Rungreankilanakom Phattom និង Seang Suriyak Site Torkah kart ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន ៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments