ភ្នំពេញ ៖ ផ្ទុយស្រឡះពីអ្នកសិល្បៈប្រុស-ស្រីមួយចំនួនឯទៀត ដែលពួកគេភាគច្រើនអំឡុងពេលនាឱកាសនៃរដូវពិធីបុណ្យជាតិធំមួយចំនួន គឺតែងប្រកាសប្រមូលផ្តុំគ្នាតាមរយៈការបង្ហាញសកម្មភាពចែកអំណោយ ឬសម្ភារៈផ្សេងៗដល់ចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋជួបការខ្វះខាតជាដើម។
ដោយឡែកបើក្រឡេកមកមើលតារាសម្ដែងរូបសង្ហាលោក ឡុង សុខហៀង ឯណោះវិញបែរជាត្រូវគេប្រទះឃើញធ្វើសកម្មភាពចែកចាយស៊ីឌីស្មូតយ៉ាងសកម្ម។
តាមរយៈការចែកចាយឌីសបទស្មូតនោះដែរគឺលោក ឡុង សុខហៀង បានច្រៀងខ្លួនឯង ហើយរៀបរាប់ពីគុណឪពុកម្ដាយ និងពីបុណ្យបាប ទៅកាន់បណ្ដាវត្ត និងពុទ្ធបរិស័ទនានា ដោយតាមការអះអាងគឺលោកបានចែកស៊ីឌី ទាំងនេះ ប្រមាណជាជាង១១០០បន្ទះហើយ នៅតាមទីអារាមចំនួនជាង១០ខេត្តក្រុង។ អ្វីដែលគេកោតសរសើរគឺលោកបានទាំងប្រកាសថាសោកស្ដាយ ដែលលោកមិនមានលទ្ធភាពផលិតស៊ីឌីអោយបានច្រើនបន្ទះជាងនេះ ដើម្បីចែកចាយអោយកាន់តែទូលំទូលាយបន្ថែម។
ជាតារសម្តែងនិងនិងជាម្ចាស់ក្លិបសិល្បៈមួយផងនោះលោក ឡុង សុខហៀង បញ្ជាក់ថា ក្នុងស៊ីឌី ដែលលោកចែកចាយនោះ រួមមានបទស្មូតសរុបចំនួន១២បទដោយមួយបទគឺបទ«ទំនួញប្រែត!» ដែលជាបទរបស់ម្ចាស់ដើមហើយ១១បទផ្សេងទៀត ជាបទដែលលោកនិពន្ធ និងស្មូត្រដោយផ្ទាល់ទុកជាកាដូចជូនដល់ចាស់ៗ សម្រាប់ ឱកាសខែភ្ជុំ។ លោកថាខ្លួនបានស្វះស្វែងគៀរគរជំនួយ ដើម្បីថតសំឡេងស្មូត្រ និងផលិតជាស៊ីឌី យ៉ាងលំបាកទម្រាំទទួលបានស៊ីឌីបទស្មូត្រទាំង១២បទដើម្បីចែកចាយ។
លោក ឡុង សុខហៀង បន្តថា ចំពោះការចែកចាយទៅកាន់បណ្ដាខេត្តនានា ដើម្បីអោយទាន់មុនកាន់បិណ្ឌក៏ជារឿងលំបាកផងដែរ ក្នុងពេលដែលលោកក៏មិនសូវទំនេរច្រើន ព្រោះតែរវល់នឹងការងារផ្ទាល់ខ្លួនផង និងការងារសិល្បៈផងនោះ។ លោកលើកឡើងថា ស៊ីឌីមួយចំនួនត្រូវបានលោក និងក្រុមតារាក្មេងៗចុះចែកដោយផ្ទាល់ដៃទៅកាន់ពុទ្ធបរិស័ទនិងតាមបណ្ដាវត្ត ហើយស៊ីឌីភាគច្រើន គឺលោកបានផ្ញើតាមរថយន្ត ទៅកាន់មិត្តភក្តិសាច់ញាតិ និងអ្នករាប់អានដែលរស់នៅដោយឡែកៗខេត្តគ្នា ដើម្បីអោយយកទៅចែកចាយបន្ត។
មកទល់នឹងបិណ្ឌទី១ នៅថ្ងៃទី២៥ កញ្ញានេះ លោកថាបានចែកចាយស៊ីឌីស្មូតរបស់ខ្លួនបានអស់ជាង១១០០បន្ទះ។ ចំពោះខេត្ត និងរាជធានីចំនួន១១រួមមាន ៖ ភ្នំពេញ, កណ្ដាល ,សៀមរាប ប៉ៃលិន, កណ្ដាល, បន្ទាយមានជ័យ ,កំពត ,ពោធិ៍សាត់ ,កំពង់ធំ, កំពង់ចាម និងមណ្ឌលគីរី ដែលជាខេត្តដែលបានទទួលរួចហើយ៕
Source: Kampuchea Thmey Daily
0 Comments