ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានតម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតចំនួនពីរដងក្នុង១ខែដោយចាប់ផ្តើមអនុវត្តពីខែមករាឆ្នាំ២០១៩តទៅដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់បងប្អូនកម្មករ។
ថ្លែងនៅក្នុងសេចក្តីប្រកាសមួយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា «ចាប់ពីខែមករា ឆ្នាំ២០១៩តទៅម្ចាស់សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវរៀបចំឲ្យមានការបើកប្រាក់ឈ្នួលជូនកម្មករ និយោជិតចំនួនពីរដងក្នុង១ខែ ដោយត្រូវបើកលើកទីមួយនៅក្នុងសប្តាហ៍ទី២និងលើកទី២បើកនៅសប្តាហ៍ទី៤នៃខែនីមួយៗ»។
លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា ការបើកលើកទី១ គឺស្មើនឹង៥០ភាគរយនៃប្រាក់ឈ្នួលសុទ្ធសាធក្នុងមួយខែ និង លើកទី២ស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសេសសល់ ប្រាក់ឈ្នួលបន្ទាប់បន្សំនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតដែលទទួលបាននៅក្នុងខែនីមួយៗ។
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងកាលពីល្ងាចថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យដឹងថា សមាគមនឹងពង្រឹងការអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានល្អទៅតាមច្បាប់ដែលបានកំណត់រួចមកហើយ។
ជាមួយគ្នានេះដែរ លោកបានបន្តថា សមាគមនឹងធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសរបស់ក្រសួងពាក់ព័ន្ធទៅនឹងការបើកប្រាក់ឈ្នួលចំនួនពីរដងក្នុងមួយខែជួនដល់បងប្អូនកម្មករនិយោជិតនេះដល់សមាជិករបស់ខ្លួនដែលជាថៅកែរោងនិងម្ចាស់ចក្រនានាឲ្យបានទូលំទូលាយដើម្បីឲ្យរោងចក្រទាំងនោះបានដឹងនិងអនុវត្តទៅតាមសេចក្តីប្រកាសឲ្យមានប្រសិទ្ធភាពខ្ពស់។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងថា គោលនយបាយបើកប្រាក់ខែ២សប្តាហ៍ម្តងដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួន ក្នុងតំបន់ដើម្បីធានាឱ្យកម្មករ-និយោជិត យើងទាំងអស់គ្នាទទួលបាននូវប្រាក់ឈ្នួលពលកម្មដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ហើយបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ ដោយទៀងទាត់ និង ទាន់ពេលសម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។
ជាងនេះទៅទៀត ដើម្បីកាត់បន្ថយហានិភ័យមួយចំនួននៅពេលរោងចក្របិទ ឬថៅកែបោះបង់ចោល។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងចាប់ផ្តើមអនុវត្តបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធនក្នុងរយៈពេល២សប្តាហ៍ម្តងនេះ ជូនមន្ត្រីរាជការស៊ីវិល និងជូននិវត្តជន និងអតីតយុទ្ធជនជាមុនដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ខាងមុខ។ ដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយើងនឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់»។
សម្តេចបានបន្តទៀតថា ដូចនេះការបើកប្រាក់ខែ ២ សប្តាហ៍ម្តង ជាការចាំបាច់ណាស់អាចជួយប្រជាពលរដ្ឋ ដែលត្រូវការថវិកាប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលពីមុនពួកគេត្រូវទន្ទឹងរង់ចាំប្រាក់ខែ១ខែម្តង តែឥឡូវពួកគាត់មិនបាច់ទន្ទឹងទៀតនោះទេ គឺប្រាក់ខែនិងទទួលបានក្នុងរយៈពេល ២ សប្តាហ៍ម្តងវាយអាចជួយកាត់បន្ថយការខ្ចីបុលនៅពេលដែលពលរដ្ឋខ្វះលុយចាយបានផងដែរ៕
Source: Kampuchea Thmey Daily
0 Comments