ក្រុមបាល់ទាត់សូលទីឡូអង្គរ ត្រូវប៉ះក្រុមអគ្គីសនីកម្ពុជា ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ត្រូវជួបក្រុមអាស៊ីអឺរ៉ុបនិងក្រុមក្រសួងការពារជាតិ (ទ័ព)ទទួលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសប្ដាហ៍ទី២១ នៃពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*សូលទីឡូអង្គរ ប៉ះអគ្គីសនីកម្ពុជា
ក្រុមបាល់ទាត់សូលទីឡូអង្គរ ត្រូវប៉ះគ្នាជាមួយក្រុមអគ្គីសនីកម្ពុជា នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយប្រកួតនេះមានផ្សាយតាម CNCC ផងដែរ។ ក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Yuki Matsuda កំពុងតែត្រូវការពិន្ទុគេចឱ្យផុតពីតំបន់គ្រោះថ្នាក់។ គ្រូបង្វឹករូបនេះទើបតែបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត AFC A License នៅប្រទេសសិង្ហបុរី កាលពីដើមឆ្នាំ។ ២០ប្រកួតកន្លងមកក្រុមសូលទីឡូអង្គរ ឈ្នះបាន៤លើក ស្មើគ្នា៤លើកនិងចាញ់ដល់ទៅ១២លើក។
សម្រាប់ក្រុមអគ្គីសនីកម្ពុជា វិញមិនទាន់គេចផុតពីតំបន់បាតតារាងនៅឡើយនោះទេ ក្រោយប្រកួតឈ្នះបាន១លើក ស្មើគ្នា៣លើក និងចាញ់១៥លើកក្នុងប្រកួតកន្លងមក។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមនេះបានដាក់គោលដៅរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈក្រុមនេះទើបតែខកចិត្តក្រោយធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
*អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះអាស៊ីអឺរ៉ុប
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រុមអាស៊ីអឺរ៉ុប នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ខណៈប្រកួតនេះមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់កម្ពុជាថ្មី ផងដែរ។ ក្រុមប៉ូលីស កំពុងឈរលេខ៩ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៧លើក ស្មើគ្នា៣លើកនិងចាញ់១០លើក។ លោក សារ៉េត ស៊ីដន គ្រូបង្វឹកថ្មីក្នុងក្រុមនេះរំពឹងថាកូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។ ម្យ៉ាងទៀតក្លិបមានកីឡាករសំខាន់ម្នាក់បានផ្ទេរចេញគឺ ទិត្យ ឌីណា ទៅចូលរួមក្រុមវិសាខា ខណៈក្លិបបានបន្ថែមកម្លាំងចំនួន២នាក់វិញគឺ សុះ ប្រុសហ៊ីម និងកីឡាករកូរ៉េខាងត្បូង No Dae-ho។
ចំពោះក្រុមអាស៊ីអឺរ៉ុប វិញកំពុងតែស្រោចស្រង់កីឡដ្ឋាន AEU Sport Park របស់ខ្លួនដោយសារតែទឹកជំនន់បណ្តាលឱ្យបាក់ទំនប់ហើយទឹកហូរចូលពេញបរិវេណកីឡដ្ឋាន។ ក្រុមអាស៊ីអឺរ៉ុប កំពុងដឹកនាំដោយលោក សុក វាសនា ពេលនេះកំពុងឈរចំណាត់ថ្នាក់លេខ៩ បណ្តោះអាសន្នក្នុងតារាងរួមដែលមានក្រុមចំនួន១២ ក្រោយប្រកួតបាន២០លើក ឈ្នះបាន៧លើក ស្មើគ្នា៥លើក និងចាញ់៨លើក មាន២៦ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមក្រោយរកគ្រាប់បាន២២គ្រាប់ម្នាក់ឯងកន្លងមកនេះ។
*ក្រសួងការពារជាតិ ប៉ះព្រះខ័នរាជស្វាយរៀង
ក្រុមបាល់ទាត់ក្រសួងការពារជាតិ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាចលើទីលានមជ្ឍមណ្ឌលកងយោធពលខេមរិភូមិន្ទ (ស្តាតចាស់) ស្របពេលប៉ុស្តិ៍ BTV News នឹងផ្សាយផ្ទាល់ពីការប្រកួតនេះ។ កីឡាកររបួសនិងកីឡាករមួយចំនួនចាកចេញជាបញ្ហាប្រឈមរបស់ក្រុមក្រសួងការពារជាតិ នាពេលបច្ចុប្បន្ន។ ក្នុងជើងទី២នេះក្លិបបានបន្ថែមកីឡាករសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ការរបូតពិន្ទុពីដៃ ខណៈក្រុមនេះបានអស់ឱកាសប្រជែងកំពូលតារាងហើយ។ ងាកទៅមើល២០ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន១២លើក ស្មើ៣លើកនិងចាញ់៥លើក ឈរលេខ៤ បណ្តោះអាសន្ន។
សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងវិញ មួយរយៈចុងក្រោយនេះហាក់ជួបបញ្ហារឿងកីឡាកររបួសនិងកីឡាករសំខាន់ៗជាប់ពិន័យពីសំណាក់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង សរសើរកូនក្រុមក្នុងប្រកួតចុងក្រោយដែលធ្វើបានល្អ។ យ៉ាងណាលោកបានដោះដូរកីឡាករគួរឱ្យភ្ញាក់ផ្អើលមួយដើម្បីត្រៀមជើងទី២នេះ។ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងតែឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៨លើកស្មើគ្នា៣លើកនិងចាញ់៩លើក៕
Source: Kampuchea Thmey Daily
0 Comments