ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២១ ខែកញ្ញា នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាមចំពោះមរណភាពប្រធានរដ្ឋវៀតណាម លោក ត្រាន់ ដាយក្វាង។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា «មរណភាពរបស់លោក ត្រាន់ ដាយក្វាង នេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និង គួរឲ្យកោតសរសើរម្នាក់របស់ប្រទេសនិងប្រជាជនវៀតណាមនិងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រេងនេះ ការឧទ្ទិសនិងការបួងសួងរបស់ខ្ញុំស្ថិតនៅជាមួយលោកនិងប្រជាជនវៀតណាមជានិច្ច»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តនិងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ»។
ប្រធានាធិបតីវៀតណាមលោក ត្រាន ដាយក្វាង (Tran Dai Quang) បានទទួលមរណភាពនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្នុងជន្មាយុ ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដាយក្វាង បានទទួលមរណភាពបន្ទាប់ពីលោកបានរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ។
ប្រធានផ្នែកសុខាភិបាលនៃមន្ទីរពេទ្យយោធាវៀតណាមលោក Nguyen Quoc Trieu បានបញ្ជាក់ថា ប្រធានាធិបតីវៀតណាមបានស្លាប់បាត់បង់ជីវិតនៅម៉ោង១០និង០៥នាទីនៅមន្ទីរពេទ្យយោធានាទីក្រុងហាណូយ។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យខាងលើនេះ ប្រមុខរដ្ឋវៀតណាមរូបនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយូរហើយ ហើយលោកក៏បានទទួលការព្យាបាលពីគ្រូពេទ្យជំនាញទាំងក្នុងស្រុក និង បរទេសដែរ មុនទទួលមរណភាពនេះ។ ប៉ុន្តែមិនមានការបញ្ជាក់ពីខាងមន្ទីរពេទ្យឡើយជុំវិញប្រភេទជំងឺរបស់ប្រធានាធិបតីរូបនេះ។
លោក Dai Quang បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាមនៅក្នុងខែមេសា ឆ្នាំ២០១៦ ដោយជំនួសតំណែងលោក Truong Tan Sang។ លោកក៏ជាប្រមុខរដ្ឋវៀតណាមដំបូងគេដែលបានស្លាប់ក្នុងតំណែង។
លោក Dai Quang បានកើតនៅក្នុងឆ្នាំ១៩៥៦ នៅភូមិ Quang Thien នៃខេត្តភាគខាងជើង Ninh Binh។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនគរបាលប្រជាជនវៀតណាម និងសាលាភាសាបរទេសក្រោមក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នជាក្រសួងសន្តិសុខសាធារណៈ។
លោកក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យដោយមានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ មុននឹងចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខ។បន្តមកទៀតលោកបានក្លាយជាអនុរដ្ឋមន្ត្រីសន្តិសុខ សាធារណៈនៅឆ្នាំ ២០០៦ ។ ក្នុងខែសីហាឆ្នាំ ២០១១ លោក Dai Quang ត្រូវបានដំឡើងតំណែងទៅជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរហូតដល់ខែមីនាឆ្នាំ២០១៦មុនក្លាយជាប្រធានាធិបតី៕
Source: Kampuchea Thmey Daily
0 Comments