ក្រុមបាល់ទាត់ក្រសួងការពារជាតិ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី២២ខែកញ្ញា ឆ្នាំ២០១៨ នេះលើទីលានមជ្ឈមណ្ឌលកងយោធពលខេមរិភូមិន្ទ (ស្តាតចាស់) ក្នុងសប្ដាហ៍ទី២១នៃពានរង្វាន់លីគកំពូលកម្ពុជា ខណៈប្រកួតនេះមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ នេះជាជំនួបលើកទី៤ហើយរបស់ក្រុមទាំង ខណៈប្រកួត៣លើកកន្លងមកក្រុមទាំង២ប៉ះគ្នា២ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងប៉ះគ្នា១លើកទៀតកាលពីជើងទី១ក្នុងខែមិថុនា កន្លងទៅប្រចាំពានរង្វាន់លីគកំពូលកម្ពុជា។
លោក Conor Nestor គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងមុនការប្រកួតនេះមកដល់ថា «ជំនួបជាមួយក្លិប ក្រសួងការពារជាតិ ពួកយើងត្រូវតែរត់៩០នាទីដោយសារពួកគេលេងជាមួយការតាំងចិត្តខ្ពស់។ ដោយយើងត្រូវតែផ្តោតប្រមូលផ្តុំអារម្មណ៍ ពីព្រោះពួកគេប្រើប្រាស់កីឡាករច្រើនឡើងមកតំបន់ប្រយុទ្ធ។ បើសិនជាយើងអាចធ្វើបានយើងនឹងដឹងថា កីឡាកររូបណាអាចបង្កើតឱកាសនាំជ័យជម្នះដល់ក្រុម»។
សូមបញ្ជាក់ថា ប្រធានក្រុមខ្សែបម្រើ ជា សំណាង នឹងអវត្តមានដោយសារជាប់ពិន័យ១ប្រកួតបន្ទាប់ពីទទួលបានកាតលឿង៣ដង ស្របពេលបម្រើស្លាបជនជាតិអង់គ្លេស Harley Willard រងរបួសក្រលៀន អាចនឹងមិនទាន់ច្បាស់ថាអាចលេងបាន ឬ មិនបានដូច ប្រាក់ មុន្នីឧត្តម ដែលអវត្តមានជំនួបជាមួយក្លិប សូលទីឡូអង្គរ កន្លងទៅផងដែរ។
លោក Conor Nestor ដឹកនាំក្រុមទទួលចំណាត់ថ្នាក់មិនសូវបានល្អប្រចាំរដូវកាលនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ចំពោះលីគកំពូលកម្ពុជា វិញក្រោយប្រកួតបាន២០លើក ឈ្នះបាន៨លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៩លើក ឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់អង្គរថាយហ្គឺរ។
នៅក្នុងរដូវកាលដោះដូរកីឡាករដំណាក់កាល២ថ្មីៗនេះ ក្លិបបានដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីត្រៀមជើងទី២លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ ហើយតាមរយៈការដោះដូរកីឡាករនេះគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ UEFA A License រូបនេះរំពឹងថា ក្រុមនឹងមានគុណភាពមួយកម្រិតថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments