ភ្នំពេញ ៖ លោក George Eager ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ខណៈលោកចូលរួមសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសចាប់ផ្ដើមកម្មវិធីប្រកួតរូបថត ទាក់ទងបេតិកភណ្ឌវប្បធម៌ ក្រោមប្រធានបទ "បេតិកភណ្ឌវប្បធម៌" នៅកម្ពុជា និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងសេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុប កាលពីថ្មីៗនេះ ដែលនាំឲ្យក្រុមមនុស្សមួយចំនួន ជាពិសេសក្រុមប្រឆាំង ដើរផ្សព្វផ្សាយថា សភាសហភាពអឺរ៉ុប បានបានចេញសេចក្តីសំរេចដាក់គំនាបដល់រាជរដ្ឋាភិបាលកម្ពុជា។
លោក George Eager លើកឡើងថា ការសម្រេចរបស់សហភាពអឺរ៉ុបកាលពីថ្មីៗនេះ ផ្ដោតទៅលើការវិវត្តន៍រយៈពេលប្រមាណ២ឆ្នាំចុងក្រោយនៅក្នុងប្រទេសកម្ពុជា ហើយសេចក្តីសម្រេចនេះ បានដាក់ចេញនូវអនុសាសន៍ជាច្រើន ដើម្បីឲ្យកម្ពុជា ពិនិត្យមើលនូវអនុសាសន៍ទាំងអស់នេះ ដើម្បីពិចារណា ឬអនុវត្ត។
តាមលោក George Eager អះអាងថា លោកមិនធ្វើអត្ថាធិប្បាយណាមួយចំពោះអ្វីដែលបានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ៧០នោះទេ ប៉ុន្តែបច្ចុប្បន្នសហភាពអឺរ៉ុប ក៏ដូចជាសមាជិកសហភាពអឺរ៉ុបតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩០មក ទាំងផ្នែកកសិកម្ម សេដ្ឋកិច្ច និងវិស័យមួយចំនួនទៀត ហើយបញ្ហាទាំងអស់នេះ មានលើកឡើងនៅក្នុងគោលការណ៍របស់សហភាពអឺរ៉ុប ដើម្បីគាំទ្រនិងជំរុញឲ្យមានកំណើតសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយអ្វីដែលយើងបានដឹងទៀតនោះសហភាពអឺរ៉ុប មានកិច្ចព្រមព្រៀងមួយ ដែលមានថវិការបស់សហភាពអឺរ៉ុប ដោយមិនរួមបញ្ចូលថវិការបស់ជាសមាជិកសហភាពអឺរ៉ុប ដែលកំពុងធ្វើការនៅប្រទេសកម្ពុជានោះទេ ដែលមានថវិការហូតដល់៤១០លានអឺរ៉ូ សម្រាប់ធ្វើការរយៈពេល៧ឆ្នាំ ហើយ៦០ភាគរយនៃថវិកាទាំងអស់នោះ ជាគម្រោងថវិកាគាំទ្រទៅដល់ក្រសួងនីមួយៗដោយផ្ទាល់ ហើយក៏បានដាក់នៅក្នុងរតនាគារជាតិផងដែរ។
ជាមួយគ្នានោះ សហភាពអឺរ៉ុបក៏បានផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាផងដែរ ក្នុងកម្មវិធីដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលទាំងអស់ទៅកាន់សហភាពអឺរ៉ុប ដោយមិនមានការបង់ពន្ធលើកលែងតែអាវុធ ហើយអ្វីដែលសហភាពអឺរ៉ុប បានធ្វើនេះ គឺដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងការនាំចេញផលិតផល។
លោក George Eager អះអាងថា អ្វីដែលសហភាពអឺរ៉ុបជួយកម្ពុជាដែរនោះ គឺប្រព័ន្ធប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយនេះគឺជាផ្នែកមួយនៃសេចក្តីកង្វល់ ដែលបានដាក់ចូលទៅក្នុងអនុសាសន៍ របស់សហភាពអឺរ៉ុប ហើយបានដាក់ចេញកាលពីសប្តាហ៍មុន។ លោកលើកឡើងទៀតថា គ្មានភាពខុសគ្នាទេរវាងជំហររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិក ហើយការបង្កើតឲ្យមានប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជានេះ គឺជាសារមួយដើម្បីបញ្ជាក់ថា សហភាពអឺរ៉ុបមានសម្លេងតែមួយ ក្នុងចំណោមសមាជិកទាំងអស់របស់សហភាពអឺរ៉ុប ហើយយើងសង្ឃឹមថា សហភាពអឺរ៉ុប នឹងបានធ្វើការតទៅទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជាអ្វីដែលបានធ្វើកន្លងមក ក្នុងលក្ខណៈវិជ្ជមាន ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធានាឲ្យបាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ទាក់ទងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លឹមសារនៃជំហររបស់សហភាពអឺរ៉ុបខាងលើនេះ ក្រុមប្រឆាំងក្រៅច្បាប់ អាចភ្លឺភ្នែកបានហើយ។ លោកបញ្ជាក់យ៉ាងនេះថា “កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បានថ្លែងថា សហគមន៍អឺរ៉ុបនៅតែបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាសម្រាប់អាណត្តិថ្មី។
លោកថ្លែងថា គ្មានភាពខុសគ្នាទេរវាងសហភាពអឺរ៉ុប និងសមាជិករបស់ខ្លួន ចំពោះជំហរគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា និងការបោះឆ្នោតនាពេលកន្លងទៅ។ រឿងទាំងអស់នោះ មានថ្លែងនៅក្នុងការបន្តគាំទ្រ ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ នៅពេលថ្មីៗនេះ សហគមន៍អឺរ៉ុប និងសមាជិកសហគមន៍ បានគាំទ្រកម្ពុជាយ៉ាងខ្លាំង និងបានផ្តល់ថវិកាប្រមាណ៤១០លានអឺរូសម្រាប់រយ:ពេល៧ឆ្នាំ។ ថវិកានេះបានជួយដល់ជំនួយឥតសំណងផងដែរ ដែលអនុញ្ញាតឲ្យកម្ពុជានាំទំនិញចេញទៅកាន់តំបន់អឺរ៉ុបទាំងអស់លើកលែងតែអាវុធ”។
លោក សុខ ឥសាន លើកឡើងទៀតថា កម្ពុជាបានទទួលអត្ថប្រយោជន៍ទាំងអស់នេះ ដូចវិស័យផ្សេងៗដែលបានឃើញការនាំចេញវិស័យសម្លៀកបំពាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ។ អ្វីៗដែលបានជួយកម្ពុជា គឺទាក់ទងនឹងការលើកកម្ពស់ និងជំរុញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ហើយសហភាពអឺរ៉ុប នឹងបន្តធ្វើការជាមូយរាជរដ្ឋាភិបាលកម្ពុជាដដែលដូចកន្លងមក ដើម្បីអត្ថប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល៕
Source: Kampuchea Thmey Daily
0 Comments