បេក្ខជនប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយនៅក្នុងវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសុក្រថា លោករំពឹងថានឹងចេញពីមន្ទីរពេទ្យមុនចុងខែនេះបន្ទាប់ពីលោកត្រូវបានគេចាក់ចំត្រង់ពោះកាលពី២សប្តាហ៍មុន។
អតីតមេបញ្ជាការកងទ័ពអាយុ៦៣ឆ្នាំរូបនេះបាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះលើ Facebook ថា “អរគុណច្រើនចំពោះអ្នកទាំងអស់គ្នា។ នៅចុងខែនេះ ខ្ញុំនឹងចេញពីមន្ទីរពេទ្យ”។
គាត់បាននាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោតជុំទី១ថ្ងៃទី៧ខែតុលាចាប់តាំងពីអតីតប្រធានាធិបតីឆ្វេងនិយមដែលជាប់ពន្ធនាគារលោក Luiz Inacio Lula da Silva ត្រូវបានហាមឃាត់ពីការឈរឈ្មោះដោយសារតែការកាត់ទោសពីបទអំពើពុករលួយ។
លោក Bolsonaro បានបន្ថែមថា “យើងវិលត្រឡប់មករួមគ្នាវិញដើម្បីធ្វើឲ្យប្រេស៊ីលក្លាយជាប្រទេសដ៏អស្ចារ្យមួយ”។
លោក Bolsonaro បានទទួលការវះកាត់ចំនួនពីរលើកហើយស្ថិតនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី ៦ខែកញ្ញាមកនៅពេលដែលលោកត្រូវបានចាក់ដោយសកម្មជនឆ្វេងនិយមម្នាក់ខណៈកំពុងធ្វើយុទ្ធនាការឃោសនានៅភាគខាងត្បូងប្រទេសប្រេស៊ីល។
នៅក្នុងការស្ទង់មតិចុងក្រោយបំផុតរបស់ Datafolha ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា គាត់ទទួលបានសំឡេងគាំទ្រ២៨ភាគរយខណៈបេក្ខជនជំនួសលោក Lula និងជាបេក្ខជនគណបក្សកម្មករគឺលោក Fernando Haddad នៅលំដាប់ទី២ដោយទទួលបាន១៦ភាគរយ។
ថ្វីបើពួកគេជាបេក្ខជននាំមុខក៏ដោយប៉ុន្តែលោក Bolsonaro និង Haddad គឺជាអ្នកដែលគេស្អប់បំផុតក្នុងចំណោមអ្នកប្រកួតប្រជែងតំណែងប្រធានាធិបតីទាំង១៣នាក់និងបានបង្កើតអត្រាការជំទាស់ខ្ពស់បំផុត៕ AFP
Source: Kampuchea Thmey Daily
0 Comments