Ad Code

លោកស្រី ​Theresa May ប្រឈមមុខ​នឹង​ការ​លាឈប់​របស់​រដ្ឋមន្ត្រី​ ដោយសារ​ផែនការ Brexit



រដ្ឋមន្ត្រី​មួយចំនួន​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី Theresa May នឹង​ស្នើសុំ “​ផែនការ B” លើ​សំណើ Brexit របស់លោក​ស្រី​នៅ​សប្តាហ៍​ក្រោយ​នេះ ​ហើយ​អាច​លាឈប់​ប្រសិនបើ​លោកស្រី​មិន​ផ្លាស់ប្តូរ​ទិសដៅ​។ នេះ​បើ​យោងតាម​កាសែត Telegraph ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​លើកឡើង​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​។​

កាសែត Telegraph បាន​ចុះផ្សាយ​ថា ក្រុម​រដ្ឋមន្ត្រី​នឹង​ទាមទារ​ឲ្យ​មាន​ផែនការ​ជំនួស​មួយ​ចំពោះ​សំណើ “Chequers” របស់​លោកស្រី​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​។​

ផែនការ​នោះ​ត្រូវបាន​ទទួលរង​ការរិះគន់​រួចទៅហើយ​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង Salzburg កាលពីដើម​សប្តាហ៍​នេះ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​លោកស្រី May ប្រជែង​ជាមួយនឹង​មេដឹកនាំ​នៃ​ប្លុក​នេះ​ដើម្បី​សម្រេច​ផែនការ​របស់ខ្លួន​។​

សមាជិក​គាំទ្រ Brexit នៃ​គណបក្ស​របស់លោក​ស្រី​កាលពី​ថ្ងៃ​សុក្រ​បាន​ស្វាគមន៍​ចំពោះ​ការជំទាស់​របស់លោក​ស្រី​ប៉ុន្តែ​សំណើ Chequers ក៏មាន​ការរិះគន់​ក្នុងស្រុក​ជាច្រើន​ផងដែរ​។​

កាសែត Telegraph បាន​ចុះផ្សាយ​ថា មានការ​សង្ស័យថា រដ្ឋមន្ត្រីក្រសួង​ការងារ​និង​សោធន​និវត្តន៍​លោកស្រី Esther McVey អាច​ដើរ​ចេញពី​កិច្ចប្រជុំ​ថ្ងៃ​ចន្ទ​ប្រសិនបើ​គ្មាន​សំណើ​ថ្មី​ត្រូវបាន​បង្ហាញ​ខណៈ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​អន្តរជាតិ​លោកស្រី Penny Mordaunt ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​បេក្ខជន​លាលែង​ពី​តំណែង​ផងដែរ​។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ លោកស្រី Mordaunt បាន​និយាយថា អាកប្បកិរិយា​របស់​ស​ហ​ភាព​អឺរ៉ុប​កំពុង​បង្កើន​ការគាំទ្រ​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​ការចាកចេញ​ពី​ប្លុក​នេះ​បើទោះបីជា​ខ្លួន​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​មួយ​ក៏ដោយ​។​

កាសែត Telegraph បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Sajid Javid បាន​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​នឹងធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​ចក្រភព​អង់គ្លេស​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប៉ុន្តែ​ទំនងជា​មិន​ចុះចេញ​ទេ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu