ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់កសិករឲ្យផលិតឬដាំបន្លែដែលគ្មានជាតិគីមី ដើម្បីជួយផ្គត់ផ្គង់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិដែលកំពុងមាន តម្រូវការ ម្ហូបអាហារដែលគ្មានសារធាតុគីមី។
ក្នុងមួយឆ្នាំៗនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងអាហារដ្ឋាននានានៅទូទាំងប្រទេសត្រូវការបន្លែជាច្រើនពាន់តោនដើម្បីចំអិន សម្រាប់បម្រើការបរិភោគរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកពិព័រណ៍វិស័យម្ហូបអាហារនិងសណ្ឋាគារនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងថា ការជំរុញឲ្យកសិករផលិតបន្លែដែលគ្មានជាតិគីមីនេះ គឺស្របទៅនឹងគោលនយោបាយរបស់ ក្រសួងទេសចរណ៍ដែលជំរុញឲ្យម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារទាំងអស់ត្រូវចំអិនម្ហូបអាហារដែលប្រើប្រាស់បន្លែដែលគ្មានសារធាតុគីមី ដើម្បីធានាសុវត្ថិភាព និងសុខភាពអ្នកបរិភោគ។
លោកលូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានបញ្ជាក់ថា រាល់ថ្ងៃការចំអិនម្ហូបអាហារ បម្រើដល់ភ្ញៀវទេសចរគឺត្រូវការបន្លែត្រីសាច់ជាច្រើនដែលផលិតក្នុងស្រុកមិនប្រើប្រាស់សារ ធាតុគីមី ដើម្បីធានាបានស្តង់ដារម្ហូបអាហារផងនិងសុវត្ថិភាពអ្នកបរិភោគផង។
លោកបញ្ជាក់ថា ប្រសិនបើកសិករខ្មែរផលិតបានច្រើនមិនត្រឹមតែអាចកាត់បន្លែមួយចំនួនដែលនាំចូលពី បរទេសប៉ុណ្ណោះទេ ថែមទាំងបានបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករខ្លួនផងដែរ។
បន្លែផ្លែឈើ ពីប្រទេសជិតខាងកម្ពុជា ត្រូវបានគេមើលឃើញថា កំពុងវាយលុកទីផ្សារស្រុកខ្មែរយ៉ាងសម្បើមដោយគ្មានការទប់ស្កាត់ ឬក៏មានដែរតែហាក់ដូចមិនភាពច្បាស់លាស់។ តាមការប៉ាន់ស្មានពីអ្នកជំនាញក្នុងមួយថ្ងៃៗ កម្ពុជានាំចូលបន្លែពីបរទេសប្រមាណពី២០០តោន ទៅ៤០០តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំង នោះភាគច្រើននាំ ចូលពីប្រទេសវៀតណាម និងប្រទេសថៃដោយជាមធ្យម កម្ពុជាត្រូវចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
ជាមួយគ្នានេះ ផ្អែកតាមគោលនយោបាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកំណត់ថា ឆ្នាំ២០១៨នេះ នឹងជំរុញល្បឿនការដាំដុះបន្លែផ្លែឈើឲ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល តាមរយៈជួយផ្នែកបច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ប្រជាកសិករ ដែលមានដីចម្ការធ្វើដោយគ្មានជាតិគីមី តាមរយៈកិច្ចសន្យាប្រមូលទិញ និងការចរចាតម្លៃគ្នា។
ប្រសិនជាគោលនយោបាយនេះ អាចដំណើរការបាន វាជាដំណោះស្រាយចាំបាច់បំផុតសម្រាប់លុបបំបាត់ការប្រើប្រាស់សារធាតុគីមីនៅក្នុងបន្លែផ្លែឈើ និងចំណីអាហារ។ ព្រោះគោលនយោបាយនេះ អាចបើកច្រកដើម្បីកែទម្លាប់របស់ប្រជាពលរដ្ឋខ្លួនឯង មកជាការដាំដុះតាមបែបផែនធម្មជាតិ ដោយមានការបញ្ជាទិញពីទីផ្សាររបស់រដ្ឋក្នុងតម្លៃសមរម្យ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣លាន៤សែន៥ម៉ឺននាក់គឺ កើនឡើង ជាង១១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧៕
Source: Kampuchea Thmey Daily
0 Comments