សៀមរាប ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យកសិដ្ឋានចិញ្ចឹមគោឈ្មោះថា អង្គការគោសប្បុរសដើម្បីកម្ពុជា(Charity Cow for Cambodia) ដោយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ នៅទីនោះ។
ក្រសួងបានឲ្យដឹងថា បន្ទាប់ពី អញ្ជើញចូលរួម កម្មវិធីបុណ្យបញ្ចុះបឋមសិលាកសាងកុដិនៅវត្តគិរីសាលវ័នហៅវត្តថ្មី ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម កាលពីរសៀលថ្ងៃទី ២១ កញ្ញា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស្រី អមដំណើរដោយសហការីបានអញ្ជើញទៅពិនិត្យកសិដ្ឋានចិញ្ចឹមគោឈ្មោះថា អង្គការគោសប្បុរសដើម្បីកម្ពុជា(Charity Cow for Cambodia) នៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រសួងកសិកម្ម បានឲ្យដឹងថា អង្គការ នេះ បានបង្កើតនៅឆ្នាំ ២០១៦ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រតាមរយៈធនាគារគោ ដោយផ្តល់គោមានផ្ទៃពោះទៅកសិករចិញ្ចឹម បន្ទាប់ពីមេគោកើតកូន កសិករអាចរក្សាកូនទុកកូន អង្គការយកមេទៅឲ្យកសិករផ្សេងចិញ្ចឹមបន្ត។ បច្ចុប្បន្នអង្កការមានគោចំនួនជាង ១០០ក្បាល ចិញ្ចឹមលើផ្ទៃដី ២០ ហត។ មកទល់បច្ចុប្បន្នមេគោចំនួន ៣៨ក្បាលត្រូវបាន ប្រវាស់ជាមួយកសិករក្នុងតំបន់។
យោងតាមអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងរដ្ឋាភិបាលអូស្ត្រាលី អនាគតយ៉ាងខ្លីអង្កការនឹង នាំចូលគោពូជពីអូស្ត្រាលីចំនួនជាង ៣០០ក្បាលដើម្បីបង្កាត់ពូជ និងចិញ្ចឹម។
លោក រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ ដែលខិតខំគ្រប់បែបយ៉ាងបង្កើតកសិដ្ឋាននេះឡើងប្រយោជន៍ជួយលើកកំពស់ជីវភាពតាមរយៈធនាគារគោនេះ ដោយ មិនបានគិតពីកម្រៃ ឬប្រយោជន៍អ្វីពីគម្រោងនេះឡើយ។
លោកសុំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្មខេត្តបន្តជួយផ្តល់កិច្ចសហការឲ្យបាន ពេញលេញនិងល្អប្រសើរ ធ្វើយ៉ាងណារក្សាសកម្មភាពគម្រោងឲ្យមាននិរន្តរភាព។ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម រដ្ឋាបាលព្រៃឈើ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការគ្នារកទីតាំងបង្កើតកសិដ្ឋានចម្រុះមួយ ដើម្បីទុកជាកន្លែងបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ធ្វើយ៉ាងនេះទើបអាចផ្ទេរបច្ចេកទេសដល់ដៃកសិករបានទាន់ពេល និងមានប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments