Ad Code

សិក្ខាកាម​ម្នាក់ ​លោត​ពីលើ​អគារ​សកល​វិទ្យាល័យ​ការពារ​ជាតិ​សម្លាប់​ខ្លួន ​សង្ស័យ​មាន​ជំងឺ​ប្រចាំ​កាយ



ភ្នំពេញ​ ៖​ សិក្ខាកាម​នៃ​សកលវិទ្យាល័យ​ការពារ​ជាតិ​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​មាន​របួស​ស្លាប់​នៅ​ខាងក្រោម​អគារ ដែល​សមត្ថកិច្ច​អះអាងថា​ជនរងគ្រោះ​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ជាន់​ទី​២​ដោយមាន​ជំងឺ​ប្រចាំកាយ តែ​អ្វី​គេ​សង្ស័យ​នោះ​គឺ​ឃើញ​មាន​ស្នាម​ប្រឡាក់​ឈាម​នៅ​ជាប់​បង្កាន់ដៃ​វេរ៉ងដា​នៃ​អគារ​នោះ​អាច​ជា​​ករណី​ផ្សេង។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​នៅ​វេលា​ម៉ោង ០៣​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​៣០​ ខែតុលា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​សាលា​សកល​វិទ្យាល័យ​ការពារជាតិ ដែលមាន​ទីតាំង​ផ្លូវ​បេតុង ក្រុមទី​០១ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ រិ​ន រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ មុខងារ នាយរង​ការិយាល័យ​ទី​៣ កងពលតូច​អន្តរាគមន៍​លេខ​១៤ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ឋានន្តរសក្ដិ វរសេនីយ៍ត្រី​អត្តលេខ ០៣០៥២៨ ឋានៈ​វរសេនីយ៍​ជា​សិក្ខាកាម​ជំនាន់​ទី​២ ឆ្នាំ​ទី​១ វគ្គ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អប់រំ​ចិត្តសាស្ត្រ។

ប្រភព​ព័ត៌មាន​ពី​សកលវិទ្យាល័យ​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២៩​ ខែ​តុលា​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​សិក្ខាកាម​០៣​នាក់ អស់ស្រា​បៀរ​១០​កំប៉ុង ពេល​ផឹក​រួច​បាន​ចែកផ្លូវ​គ្នា​ទៅ​បន្ទប់​សម្រាក​រៀងៗ​ខ្លួន។ លុះដល់​ម៉ោង​០៣​និង​៣០​នាទី​ទៀបភ្លឺ សិក្ខាកាម​ម្នាក់​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ​សួនច្បារ​មុខ​អាគារ​សាលា។

យោង​តាម​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ និង​ការ​បញ្ជាក់​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ សន្និដ្ឋាន​ថា ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ប៉ះ​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ និង​ខ្លួនប្រាណ។ ប៉ុន្តែ​ប្រភពពី​សិក្ខាកាម​ដូចគ្នា​បានឱ្យដឹងថា គេ​បាន​ប្រទះឃើញ​មាន​ឈាម​ប្រឡាក់​ឈាម​នៅ​បង្កាន់ដៃ​វេរ៉ង់ដា​នៃ​អគារ​ស្នាក់នៅ​ជាន់​ទី​២ ដែល​គេ​សង្ស័យថា​ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ករណី​ផ្សេង។

ចំណែក​ប្រភព​មួយចំនួន​បាន​និយាយថា ​ជនរងគ្រោះ​មាន​ជំងឺ​ជាច្រើន​មុខ​ប្រចាំ​កាយ អាច​ជនរងគ្រោះ​ស្រវឹង​តូច​ចិត្ត​លោត​សម្លាប់ខ្លួន​មែន។ បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu