Ad Code

ជម្រុះ​TV5 Knock Out ជុំ​ទី​១​លើក​ទី​២​ ៖​ ង៉ែត វុ​ធ ជួប អេ រដ្ឋា , វ៉ាន់ វឿន ជួប ភួង ពិសិដ្ឋ



ការប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​TV5 Knock Out Seriesby K.Cement រដូវ​កាល​ទី​៤​ទម្ងន់​៥៧​គីឡូក្រាម​លើ​សង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ទី​០៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​លើក​ទី​២​ក្នុង​ជម្រុះ​ជុំ​ទី​១ ដែល​មាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​២ បន្តទៀត។

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២​នេះ ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​អេ រដ្ឋា​(​ម៉ន រដ្ឋា​) អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។

ការប្រកួត​ក្នុង​ដំណាក់​ទី​១​នេះ ប្រកួត​តែ​បី​ទឹក​ទេ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​

រវាង​ង៉ែត វុ​ធ និង​អេ រដ្ឋា​នេះ ង៉ែត វុ​ធ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ អេ រដ្ឋា ជា​អ្នក​ប្រដាល់​ស្រករ​មុន ។​ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០៨​កញ្ញា​កន្លងមក ដោយ​ង៉ែត វុ​ធ វាយ​ចាញ់ អេ រដ្ឋា​ដោយ​ពិន្ទុ។

សម្រាប់​ការជួបគ្នា​រវាង​ង៉ែត វុ​ធ និង អេ រដ្ឋា នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ង៉ែត វុ​ធ មិន​រំពឹងថា​ឈ្នះ​អេ រដ្ឋា នោះទេ ។ ព្រោះ​អេ រដ្ឋា គេ​ជា​ជើងចាស់ វាយ​បុក​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ជាង​ង៉ែត វុ​ធ ។ ចាំមើល តើ​អេ រដ្ឋា យកឈ្នះ​ង៉ែត វុ​ធ បាន​មែនឬ​អត់ ? ។

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ និង ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា វ៉ាន់ វឿន គេ​មាន​កលល្បិច​និង​មាន​ផ្លែ​ល្អ​ជាង​ភួង ពិសិដ្ឋ។ ប៉ុន្តែ​វ៉ាន់ វឿន ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​ភួង ពិសិដ្ឋ បានដែរ ព្រោះ​ភួង ពិសិដ្ឋ​នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​ចាំមើល រវាង​វ៉ាន់​វឿន និង ភួង​ពិសិដ្ឋ តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ ?។
​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out by K.Cement រដូវ​កាល​ទី​៤​ទម្ងន់​៥៧​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤​ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។ ជុំ​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣​គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ជុំ​ទី​៤​និង​ទី​៥ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​។​

គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ចម្រាញ់​លើកដំបូង​កន្លងមកនេះ គេ​រកឃើញ​អ្នក​ប្រដាល់​ខ្លាំង​បាន​ចំនួន​២​រូប​ហើយ គឺ​ឆាយ មាស ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu