ភ្នំពេញ ៖ ម្តាយចិត្តអប្រិយម្នាក់ បន្ទាប់ពីសម្រាលបានកូនស្រីរួចហើយ ក៏រុំថង់ខ្មៅពីរជាន់យ៉ាងជិតទាំងមានជីវិតយកទៅផ្លុងចោលក្នុងដីឡូត៍មួយកន្លែង សំណាងល្អត្រូវក្មេងរកនុយជន្លេនស្ទូចត្រីប្រទះឃើញបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ យកមកជួយសង្គ្រោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងៗតូចៗ បាននាំគ្នាទៅរកនុយជន្លេនដើម្បីយកទៅស្ទូចត្រីដើររកមកដល់ ក៏បានឮសំឡេងក្មេងយំ ស្មានតែខ្មោចលងក៏នាំគ្នារត់ មិនអស់ចិត្តក៏នាំគ្នាមើលវិញក៏ប្រទះឃើញទារិកាតូចម្នាក់នៅក្នុងថង់ខ្មៅរុំពីរជាន់ក៏ស្រែកឆោឡោផ្អើលដល់មនុស្សក្មេងចាស់ប្រុស\ស្រីចោមរោមមើល និងបានស្រាយថង់នោះចេញ ហើយយកទៅសង្គ្រោះជីវិតនៅគ្លីនិកឯកជននៅក្បែរនោះ។
ប្រភពបន្តថា ក្រោយពីស្រាយថង់រួច ប្រជាពលរដ្ឋក៏បាននាំទារិកានោះទៅកាត់ទងផ្សិតនៅគ្លីនិកឯកជននៅក្បែរនោះ ដោយទារិកានោះមើលទៅមានសុខភាពល្អប្រសើរ និងត្រូវបានគេសុំអាជ្ញាធរយកទៅចិញ្ចឹមដោយនារីចិត្តធម៌ម្នាក់ ឈ្មោះ សាន់ និកា អាយុ២១ឆ្នាំ ជាកូនស្រីរបស់ លោកស្រីសាន់ វណ្ណា ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
អាជ្ញាធរសង្កាត់ច្រាំងចំរេះទី១ឲ្យដឹងថា បន្ទាប់ពីជួយសង្គ្រោះទារិការងគ្រោះរួចហើយ យើងនឹងស្រាវជ្រាវសួររកឪពុកម្ដាយមកទទួលខុសត្រូវ តែបើរកមិនឃើញទេ នឹងឲ្យប្រជាពលរដ្ឋចិត្តធម៌ទទួលយកទារិកានោះមកចិញ្ចឹមបីបាច់ថែរក្សាទុកដូចជាកូនចៅ។
ករណីម្តាយចិត្តអប្រិយយកកូនដែលមានជីវិតទៅបោះចោលខាងលើ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានមហាជនថា មិនគួរណាជាមានម្តាយចិត្តទមិឡយ៉ាងនេះសោះ កើតកូនបានមកហើយមិនទុកចិញ្ចឹមទេ បែរជាយកទៅបោះចោលទាំងគ្នានៅមានជីវិតយ៉ាងអមនុស្សធម៌បំផុត។ ម្តាយបែបនេះច្បាប់មិនត្រូវលើកលែងទោសឡើយ៕
Source: Kampuchea Thmey Daily
0 Comments